អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កំពុងស្ថិតនៅក្រោមសម្ពាធឲ្យមានជំហរតឹងរ៉ឹង ចំពោះអ៊ីស្រាអែល ដោយសមាជិកនៃរដ្ឋាភិបាលចម្រុះរបស់លោក បានអំពាវនាវឲ្យទីក្រុងប៊ែរឡាំងចូលរួមក្នុងសេចក្តីថ្លែងការណ៍របស់ប្រទេសលោកខាងលិចរាប់សិបដែលថ្កោលទោស «ការសម្លាប់ដោយអមនុស្សធម៌» ចំពោះប្រជាជនប៉ាឡេស្ទីន។
លោក Merz ដែលដឹកនាំគណបក្សកណ្ដាល-ស្ដាំនិយម CDU របស់អាល្លឺម៉ង់ បានរិះគន់អ៊ីស្រាអែលខ្លាំងឡើងៗ។ ប៉ុន្តែប្រទេសអាល្លឺម៉ង់បានអវត្តមានគួរឲ្យកត់សម្គាល់ពីសេចក្តីថ្លែងការណ៍រួមដែលចេញកាលពីថ្ងៃចន្ទ (ទី២១ ខែកក្កដា) ដោយស្នងការគ្រប់គ្រងវិបត្តិសហភាពអឺរ៉ុប (EU) និងបណ្តាប្រទេសលោកខាងលិចចំនួន ២៨ ក្នុងនោះមានរួមទាំងអង់គ្លេស និងបារាំងផងដែរ ដែលបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ចប់សង្រ្គាមជាបន្ទាន់។
ប្រទេសនានា បានថ្កោលទោសនូវអ្វីដែលពួកគេហៅថា «ការផ្តល់ជំនួយដូចតំណក់ទឹក» (ការផ្ដល់ចំនួនតិចតួចបំផុត) ដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ហើយបានលើកឡើងថា វាគឺជារឿង «គួរឲ្យរន្ធត់» ដែលជនស៊ីវិលជាង ៨០០នាក់ ត្រូវបានសម្លាប់នៅពេលកំពុងស្វែងរកជំនួយ។

រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិ នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក Merz និងជាសមាជិករបស់បក្សកណ្ដាល-ឆ្វេងនិយមសម្ព័ន្ធយុវជន SPD ដែលជាដៃគូក្នុងរដ្ឋាភិបាលចម្រុះ គឺលោកស្រី Reem Alabali Radovan បាននិយាយកាលពីថ្ងៃអង្គារ (ទី២២ ខែកក្កដា)ថា លោកស្រីមិនសប្បាយចិត្តនឹងការសម្រេចរបស់អាល្លឺម៉ង់ដែលមិនចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍នោះ។
លោកស្រី បានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ការទាមទារនៅក្នុងលិខិតពីដៃគូទាំង ២៩ ទៅកាន់រដ្ឋាភិបាលអ៊ីស្រាអែល គឺសមហេតុសមផល។ ខ្ញុំចង់ឲ្យប្រទេសអាល្លឺម៉ង់ចូលរួមជាមួយសញ្ញាដែលចេញដោយដៃគូទាំង២៩ នេះ»។
លោក Merz បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ក្រុមប្រឹក្សាអឺរ៉ុប បានចេញសេចក្តីប្រកាសរួមមួយរួចហើយ ដែលមានលក្ខណៈដូចគ្នាបេះបិទនៅក្នុងខ្លឹមសារទៅនឹងអ្វីដែលបានបង្ហាញនៅក្នុងលិខិតនេះ៕

