ចក្រភពអង់គ្លេសនៅថ្ងៃពុធនេះ បានដាក់ទណ្ឌកម្មមនុស្សជាង ២០នាក់ ក្រុមជាច្រើន និងអ្នកផ្គត់ផ្គង់ដែលត្រូវបានចោទប្រកាន់ថា បានជួយរត់ពន្ធជនអន្តោប្រវេសន៍ឆ្លងសមុទ្រ Channel ដែលជាការប្រើប្រាស់អំណាចទណ្ឌកម្មលើកដំបូង។
ចំណាត់ការនេះ កើតឡើង នៅពេលដែលរដ្ឋាភិបាលចក្រភពអង់គ្លេសប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងដើម្បីទប់ស្កាត់ការមកដល់របស់ជនអន្តោប្រវេសន៍ដោយជិះទូកតូចៗ ពីភាគខាងជើងប្រទេសបារាំង ខណៈដែលចំនួន បានឈានដល់កម្រិតកំណត់ត្រាខ្ពស់ នៅឆ្នាំនេះ។

ក្រសួងការបរទេស បាននិយាយថា ការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរដែលត្រូវបានប្រកាសនៅថ្ងៃពុធនេះ បានកំណត់គោលដៅទៅលើបុគ្គល និងអង្គភាពមួយចំនួន ដែលជំរុញឲ្យមានការទេសន្តរប្រវេសន៍មិនទៀងទាត់ទៅកាន់ចក្រភពអង់គ្លេស»។
ពួកគេរួមមានទាំងក្រុមហ៊ុនផ្គត់ផ្គង់ទូកតូចមួយ នៅក្នុងប្រទេសចិន ប្រព័ន្ធផ្ទេរប្រាក់«hawala» នៅមជ្ឈិមបូព៌ា និងមេដឹកនាំក្រុមជនអន្ធពាលដែលមានមូលដ្ឋាននៅតំបន់បាល់កង់ និងអាហ្វ្រិកខាងជើង។
រដ្ឋមន្ត្រីការបរទេសលោក David Lammy បានហៅចំណាត់ការនេះថា ជា «ពេលវេលាដ៏សំខាន់មួយនៅក្នុងការងាររបស់រដ្ឋាភិបាល ដើម្បីដោះស្រាយឧក្រិដ្ឋកម្មអន្តោប្រវេសន៍ ដែលត្រូវបានរៀបចំ» ដែលពាក់ ព័ន្ធនឹងចក្រភពអង់គ្លេស។
