ក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស(NRC) និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ស្តុកជំនួយរបស់ខ្លួនលែងមានសេសសល់ទៀតហើយនៅតំបន់ហ្កាហ្សា ក្នុងនោះបុគ្គលិកមួយចំនួនបច្ចុប្បន្នកំពុងអត់ឃ្លាន ហើយពួកគេបានចោទប្រកាន់អ៊ីស្រាអែលថា បានបំផ្លាញការងារមនុស្សធម៌របស់ពួកគេ ។
លោក Jan Egeland គឺជាអគ្គលេខាធិការក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស និយាយនៅទីក្រុង Oslo ថា កញ្ចប់អាហារចុងក្រោយរបស់ពួកយើង សម្ភារៈជួយសង្រ្គោះចុងក្រោយរបស់ពួកយើង ដែលត្រូវបានចែកចាយនោះ គ្មាននៅសេសសល់អ្វីទៀតហើយ ។

សេចក្តីអត្ថាធិប្បាយរបស់លោកបានបន្ទរសេចក្តីអត្ថាធិប្បាយផ្សេងទៀតដែលបានធ្វើឡើងកាលពីថ្ងៃអង្គារដោយប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA)ដែលបាននិយាយថា បុគ្គលិករបស់ពួកគេ គ្មានកម្លាំងកំហែងធ្វើការនោះទេ ដោយសារការស្រេកឃ្លាន និងអស់កម្លាំង ។
NRC និយាយថា ក្នុងរយៈពេល ១៤៤ថ្ងៃចុងក្រោយនេះ ពួកគេមិនអាចឲ្យរថយន្តផ្ទុកសំពត់តង់ ទឹក ល្បៀងអាហារ និងសម្ភារៈសិក្សា ចូលទៅក្នុងតំបន់ហ្កាហ្សាបានឡើយ ។
COGAT ដែលជាទីភ្នាក់ងារសម្របសម្រួលជំនួយយោធាអ៊ីស្រាអែល និងក្រុមអាជ្ញាធរអ៊ីស្រាអែល ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយជុំវិញបញ្ហាអត់ឃ្លាននេះ ។
ពួកគេបានច្រានចោលការចោទប្រកាន់ថា ពួកគេបានរារាំងមិនអនុញ្ញាតឲ្យជំនួយចូលក្នុងតំបន់ហ្កាហ្សា ហើយពួកគេបានចោទប្រកាន់ក្រុមជីវពលហាម៉ាសថា បានលួចស្បៀងទាំងអស់នេះ ។ ក្រុមហាម៉ាស បានធ្វើការច្រានចោលដូចគ្នា ។
លោក Egeland និយាយទៀតថា ការផ្គត់ផ្គង់ទឹកសុវត្ថិភាពរបស់ NRC អស់ផងដែរ ដោយសារគ្មានប្រេងឥន្ធនៈសម្រាប់ដំណើរការរោងចក្របន្សុតទឹកប្រៃ ។ ទឹកស្អាតបានទៅដល់មនុស្ស ១០ម៉ឺននាក់ប៉ុណ្ណោះ នៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងជើងហ្កាហ្សា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ៕


