ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ពុំអនុញ្ញាតឲ្យយន្តហោះដឹកអ្នកដំណើរហោះហើរនោះទេ ដើម្បីត្រួតពិនិត្យសិន ក្រោយម៉ាស៊ីន ឆាបឆេះជាអគ្គិភ័យភ្លាមៗក្រោយចុះចតនៅអាកាសយានដ្ឋានក្រុងញូវដែល្លី ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ម៉ាស៊ីន APU របស់យន្តហោះ បានឆាបឆេះជាអគ្គិភ័យឡើង ពេលដែលអ្នកដំណើរចុះពីលើយន្តហោះ ហើយនិងបានរលត់ដោយស្វ័យប្រវត្តិ ។
APU គឺជាម៉ាស៊ីនភ្លើងអគ្គិសនី តាមធម្មតាស្ថិតនៅផ្នែកខាងក្រោយយន្តហោះ ។ មុខងារសំខាន់របស់វា គឺដើម្បីឆាប់ផ្តើមបញ្ចេះម៉ាស៊ីនធំ និងផ្តល់ថាមពលដល់ប្រព័ន្ធនៅលើយន្តហោះ ស្របពេលដែលយន្តហោះចតនៅអាកាសយានដ្ឋាន ។

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា និយាយថា អ្នកដំណើរនៅលើជើងហោះហើរ AI315 បានចុះពីលើយន្តហោះតាមធម្មតា ហើយនិងមានសុវត្ថិភាព ប៉ុន្តែយន្តហោះដែលបានហោះហើរពីទីក្រុងហុងកុងនេះ រងការខូចខាតមួយចំនួន ។ ពួកគេពុំបានរៀបរាប់ពីការខូចខាតដល់យន្តហោះនោះទេ ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌាស្ថិតក្រោមការពិនិត្យពិចៃយ៉ាងខ្លាំង ក្រោយហេតុការណ៍ធ្លាក់យន្តហោះនៅទីក្រុងភាគខាងលិច Ahmedabad កាលពីខែមិថុនា ដែលបានសម្លាប់មនុស្ស ២៦០នាក់ ៕


