សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ វាយតម្លៃខ្ពស់ចំពោះស្មារតីចូលរួមនៃប្រជាពលរដ្ឋ ដែលបានទទួលយកការចាក់វ៉ាក់សាំង ផ្តល់ជូនដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាលថា ជាចលនាប្រជាជាតិ ពង្រឹងសមត្ថភាព រើបម្រះចេញពីវិបត្តិកូវីដ-១៩ បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងបានបើកប្រទេសឡើងវិញ ។
យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ-១៩ ជួសទី៣ ឬជួសជំរុញ ជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប បានចាប់ផ្តើមដំណើរការហើយ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប មានវត្តមាននៅក្នុងដំណើរចាប់ផ្តើមនៃយុទ្ធនាការដ៏មានឧត្តមភាពនេះ ដើម្បីជាសក្ខីភាព ក្នុងការឆ្លើយតបទៅលើអ្វីដែលជាបំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋកម្ពុជា គឺការផ្តល់សិទ្ធិរស់រានមានជីវិត តាមរយៈនៃការផ្តល់វ៉ាក់សាំងបង្កា រារាំងកាត់បន្ថយហានិភ័យ លើស្ថានភាពរាតត្បាតនៃកូវីដ-១៩ ដែលកំពុងបន្តយាយីនៅលើពិភពលោក។
សម្តេចពិជ័យសេនា មានប្រសាសន៍ថា និយាយអំពីដំណាក់កាលនៃការបើកប្រទេស និងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺពិតជាត្រូវនិយាយដោយខានមិនបាននោះឡើយ អំពីផែនការចាក់ស្រោចវ៉ាក់សាំង ដែលជានយោបាយយុទ្ធសាស្រ្តគន្លឹះដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីបង្ហូរចរន្តសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ជួសជុលសសៃឈាមសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ជាមួយគ្នានេះ វិធានសុវត្តិភាព ៣ការពារ និង៣កុំ នៅតែជារូបមន្តដ៏មានប្រសិទ្ធភាព ដើម្បីចលនារៀនរស់ជាមួយកូវីដ-១៩ ។
សម្តេចពិជ័យ ក៏បានបញ្ជាក់ដែរថា នៅក្នុងយុទ្ធនាការនេះ ចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្កានៅឡើយនេះ ក៏អាចមកទទួលការចាក់វ៉ាក់សាំងដូសទី១ បានផងដែរ។
យោងតាមផែនការដែលបានគ្រោងទុក បេសកកម្មនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ-១៩ សម្រាប់ពលរដ្ឋខេត្តសៀមរាប ចាប់ពីអាយុ១៨ឆ្នាំឡើង និងចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ អនុវត្តដោយក្រុមគ្រូពេទ្យស៊ីវិល មានរយៈពេល១៤ថៃ្ង នៅតាមបណ្តាទីតាំងចំនួន២២កន្លែងទូទាំងខេត្ត ដូចជាមាននៅតាមមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងតាមបណ្តាមណ្ឌលសុខភាពនានាផងដែរ៕
