កោះភាគខាងជើង Hokkaido របស់ប្រទេសជប៉ុន បានមើលឃើញស្ថានភាពអាកាសធាតុក្តៅខ្លាំងនៅថ្ងៃពុធនេះ ស្របពេលដែលសីតុណ្ហភាពកើនឡើងខ្ពស់ជាប់កំណត់ត្រានៅតាមទីក្រុងជាច្រើន ហើយក្រុមអាជ្ញាធរ បានចេញប្រកាសអាសន្នពីជំងឺសុរិយរោគនៅទូទាំងប្រទេស ។
ទីភ្នាក់ងារឧតុនិយមជប៉ុន(JMA) រាយការណ៍ថា ទីក្រុងតូច-ធំចំនួន ៩នៅលើកោះមួយនេះ បានមើលឃើញសីតុណ្ហភាពឡើងខ្ពស់ជាប់កំណត់ត្រា ចាប់តាំងពីឆ្នាំ ១៩៧៧ ។
ទីក្រុង Bihoro មានសីតុណ្ហភាពក្តៅខ្លាំងជាងគេនៅកោះ Hokkaido ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៨,២អង្សាសេនៅរសៀលថ្ងៃពុធនេះ ។
លោក Ryo Nakachi គឺជាមន្រ្តីរដ្ឋាភិបាលនៅទីក្រុង Kitami និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ពួកយើងបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺសុរិយរោគ តាមរយៈគេហទំព័រផ្លូវការរបស់ពួកយើង និងកម្មវិធីផ្ញើរសារលើបណ្តាញព័ត៌មានសង្គមរបស់ពួកយើង ។
លោកបន្តថា ទីក្រុង Kitami បានដំឡើងជម្រកមានម៉ាស៊ីនត្រជាក់ជូនអ្នកស្រុក សម្រាប់អ្នកដែលគ្មានម៉ាស៊ីនត្រជាក់នៅផ្ទះរបស់ពួកគេ ។
អ្នកឧតុនិយមមួយរូបរបស់ JMAនៅកោះ Hokkaido និយាយថា ផ្ទៃមេឃស្រឡះ និងលំហូរខ្យល់ក្តៅពីចិន បណ្តាលឲ្យសីតុណ្ហភាពឡើងខ្ពស់នៅលើកោះនាថ្ងៃពុធនេះ ។
ក្រសួងបរិស្ថានជប៉ុន បានចេញសេចក្តីប្រកាសអាសន្នពីជំងឺសុរិយរោគនៅថ្ងៃពុធនេះ នៅតាមប្រជុំកោះជាច្រើន រួមទាំងតំបន់ពាក់កណ្តាលនៃកោះ Hokkaido ផងដែរ ។
លោក Akiko Miura គឺជាអ្នកឧតុនិយមមួយរូបរបស់ JMAនិយាយថា សីតុណ្ហភាពខ្ពស់បំផុតពុំធ្លាប់ដែលមាននៅកោះ Hokkaido គឺ ៣៩,៥អង្សាសេ ដែលបានកើតឡើង កាលពីខែឧសភា ឆ្នាំ ២០១៩នៅទីក្រុង Saroma ៕