វិមានក្រឹមឡាំងនិយាយថា ក្រុមអ្នកចរចារុស្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទួរគី ដើម្បីចូលរួមកិច្ចប្រជុំសន្តិភាពជាមួយអ៊ុយក្រែននៅថ្ងៃពុធនេះ ដែលជាកិច្ចប្រជុំដោយផ្ទាល់លើកដំបូងរវាងភាគីសង្រ្គាមទាំង ២ ក្នុងរយៈពេលជាង ៧សប្តាហ៍ ។
រុស្ស៊ីច្រានចោលការរំពឹងទុកនៃការទម្លុះភាពទាល់ច្រកណាមួយនៅក្នុងជំនួបដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយក្នុងសប្តាហ៍នេះថា វាគួរផ្តោតសំខាន់លើការរៀបចំជំនួបកំពូលរវាងរូបលោក និងលោកប្រធានាធិបតី Vladimir Putin ។
លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា តាមធម្មតាគ្មាននរណាម្នាក់រំពឹងដល់ផ្លូវងាយស្រួលនោះទេ ។ នេះគឺជាកិច្ចសន្ទនាដ៏លំបាកបំផុត ពីព្រោះថា គម្រោងរបស់ភាគីទាំង ២ ត្រូវបានស្នើសុំប្រច្រាស់ទិសគ្នា ។
គួរឲ្យដឹងថា ជំនួបលើកមុននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី ១៦ ខែឧសភា និងថ្ងៃទី ២ ខែឧសភា នាំឲ្យមានការដោះដូរឈ្លើយសឹករាប់ពាន់នាក់ និងសាកសពរបស់ទាហានស្លាប់ ។
ទោះបីជាយ៉ាងណាក៏ដោយ ជំនួបទាំងនោះ ចំណាយពេលសរុបតិចជាង ៣ម៉ោងប៉ុណ្ណោះ ហើយពុំបានទម្លុះភាពទាល់ច្រកណាមួយឡើយ ឆ្ពោះទៅរកបទឈប់បាញ់ ឬការដោះស្រាយបញ្ចប់សង្រ្គាមរយៈពេលជិត ៣ឆ្នាំកន្លះនេះ ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមដាក់ទណ្ឌកម្មថ្មីយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី និងប្រទេសដែលទិញទំនិញនាំចេញរបស់ពួកគេ ដរាបណាតែកិច្ចព្រមព្រៀងសន្តិភាពឈានដល់ក្នុងរយៈពេល ៥០ថ្ងៃ ។
ប៉ុន្តែប្រភពចំនួន ៣ដែលស្និតនឹងវិមានក្រឹមឡាំង និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោក Putinនឹងបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន រហូតដល់លោកខាងលិចចូលរួមលក្ខខណ្ឌរបស់លោកសម្រាប់សន្តិភាព ហើយការទាមទារទឹកដីរបស់លោក អាចនឹងកាន់តែធំ ពេលដែលកងកម្លាំងរុស្ស៊ីរុលទៅមុខកាន់តែខ្លាំង ៕