មនុស្ស ២នាក់ បានបាត់បង់ជីវិត ហើយ ២នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ក្នុងឧប្បត្តិហេតុបាញ់ប្រហារមួយ នៅតំបន់ County Fermanagh របស់ប្រទេសអៀរឡង់ខាងជើង។
សេវារថយន្តសង្គ្រោះរបស់អៀរឡង់ខាងជើង បានឲ្យដឹងថា ខ្លួនបានទទួលការហៅទូរសព្ទ នៅវេលាម៉ោង ៨:២១នាទី ម៉ោងក្នុងស្រុក ព្រឹកថ្ងៃពុធ (ទី២៣ ខែកក្កដា) នេះ ហើយរថយន្តចំនួន ៣គ្រឿង និងរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុនៅភូមិ Maguiresbridge។
ទីភ្នាក់ងារនេះ បានបន្ថែមថា អ្នករបួសម្នាក់ ត្រូវបានបញ្ជូនតាមឧទ្ធម្កាចក្រទៅកាន់មន្ទីរពេទ្យ Royal Victoria ក្នុងទីក្រុង Belfast និងម្នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ South West Acute ក្នុងទីក្រុង Enniskillen។
ទីភ្នាក់ងារនគរបាលអៀរឡង់ខាងជើង (PSNI) បានឲ្យដឹងថា គ្មានហានិភ័យ បន្តកើតមាន ចំពោះសាធារណជននោះទេ ប៉ុន្តែផ្លូវ Drummeer នៅតែបិទមិនឲ្យរថយន្តឆ្លងកាត់។
សមាជិកសភានៃគណបក្ស Democratic Unionist លោកស្រី Deborah Erskine បានដាស់តឿនប្រជាជនកុំឲ្យជជែកប៉ាន់ស្មាន អំពីឧបទ្ទវហេតុនេះ ខណៈដែល «នគរបាលអនុវត្តការងាររបស់ខ្លួន ដើម្បីស្វែងរកមូលហេតុ»៕