ពលរដ្ឋហ្កាហ្សាត្រូវបានគេមើលឃើញប្រញាប់ប្រញាល់ធ្វើដំណើរនៅតាមដងផ្លូវក្នុងទីក្រុង Khan Younis នាថ្ងៃពុធនេះ និងដើរត្រឡប់មកវិញជាមួយនឹងបាវជំនួយ ស្របពេលដែលក្រុមជំនួយអន្តរជាតិជាច្រើន បានព្រមានពីការរីករាលដាលភាពស្រេកឃ្លាននៅទូទាំងដែនដីប៉ាឡេស្ទីនមួយនេះ ។
ស្របពេលដែលពលរដ្ឋលីបាវផ្គត់ផ្គង់ត្រឡប់មកវិញ ផ្សែងត្រូវបានគេមើលឃើញផងដែរពីលើអគារក្បែរនោះ ក្រោយពីមានការផ្ទុះ ។
នៅថ្ងៃពុធនេះ អង្គការក្រៅរដ្ឋាភិបាលជាង ១០០ និងក្រុមសិទ្ធិមនុស្ស បានអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការ ទាមទារឲ្យមានបទឈប់បាញ់បន្ទាន់ និងអចិន្រ្តៃយ៍ និងដកចេញការរឹតត្បិតលំហូរជំនួយមនុស្សធម៌ ។
ពួកគេបានចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើការឡោមព័ទ្ធ និងមិនអនុញ្ញាតឲ្យមានការចែកចាយជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ។
សេចក្តីថ្លែងការណ៍របស់ពួកគេនិយាយថា ពួកគេបានមើលឃើញសហការីផ្ទាល់ខ្លួនរបស់ពួកគេ ជួបកង្វះអាហារូបត្ថម្ភដោយផ្ទាល់ភ្នែករបស់ពួកគេ ៕