ពិភពលោក៖ សហព័ន្ធសកលបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា គិលានុបដ្ឋាកយ៉ាងហោចណាស់ ៣ពាន់នាក់បានស្លាប់ដោយសារជំងឺ Covid-19 ខណៈខ្លួនព្រមានពីការកើនឡើងកាន់តែច្រើនថែមទៀត នៃក្រុមបុគ្គលិកសុខភាពប៉ះពាល់ដោយសារជំងឺ រាតត្បាតសកលមួយនេះ នឹងចាកចេញពីតួនាទីរបស់ខ្លួន។
រយៈពេលមួយឆ្នាំហើយ ចាប់តាំងពីអង្គការសុខភាពពិភពលោក (WHO) បានហៅជំងឺ COVID-19 ថា ជាជំងឺរាតត្បាតសកលលើកដំបូង ក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិហៅកាត់ថា (ICN) បាននិយាយថា សម្ពាធរាងកាយ និងផ្លូវចិត្តដ៏ខ្លាំងក្លានេះ បានបណ្ដាលឲ្យគិលានុបដ្ឋាករាប់លាននាក់ ពិចារណាចង់បោះបង់ចោលអាជីពរបស់ខ្លួន។ នាយកប្រតិបត្តិសហព័ន្ធសកល លោក Howard Catton បាននិយាយថា គិលានុបដ្ឋាកបានឆ្លងកាត់ការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង ក្នុងអំឡុងជំងឺរាតត្បាតសកល ដែលបានបណ្ដាលឱ្យអស់កម្លាំង ទាំងផ្នែករាងកាយ និងផ្លូវចិត្ត។
សហព័ន្ធនេះបានលើកឡើងថា ចំនួនគិលានុបដ្ឋាយិកាដែលបានស្លាប់ ដោយជំងឺនេះត្រូវបានចងក្រងឯកសារចេញពីប្រទេសចំនួន ៦០ ទំនងជាអត្រាប៉ាន់ប្រមាណក្រោមចំនួនសរុប។ ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៩៩ សហព័ន្ធសកលមួយនេះមានសហគមន៍គិលានុបដ្ឋាកជាតិជាង ១៣០អង្គភាព៕
អត្ថបទ៖ សុខមាន