អឺរ៉ុប៖ ប្រទេសធំៗមួយចំនួននៅអឺរ៉ុបដែលមានក្ដីបារម្ភខ្លាំងស្រាប់អំពីផលប៉ះពាល់សេដ្ឋកិច្ច បានលើកឡើងពីកង្វល់កាន់តែខ្លាំងថែមទៀតនៃការបែកបាក់ជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងការដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី ប្រសិនបើប្រទេសនេះឈ្លានពានអ៊ុយក្រែន នេះបើយោងតាមមនុស្សដែលស្និទ្ធនឹងបញ្ហានេះ។
បណ្ដាសម្ព័ន្ធមិត្តលោកខាងលិចមានបំណងរួបរួមគ្នាដើម្បីទប់ទល់នឹងសង្គ្រាម ខណៈពួកគេបានឈានដល់ការចរចាដ៏សំខាន់នៅសប្ដាហ៍នេះ ស្របពលមានភាពតានតឹងខ្លាំងជាមួយប្រទេសរុស្ស៊ី ដោយព្រមានថា រុស្ស៊ីនឹងប្រឈមនឹងទណ្ឌកម្មធ្ងន់ធ្ងរចំពោះការសកម្មភាពឈ្លានពានណាមួយ។ ការពិភាក្សានានារួមមានការគ្រប់គ្រងការនាំចេញ ការកាត់ផ្ដាច់ផ្លូវបច្ចេកវិទ្យារបស់រុស្ស៊ី និងប្រព័ន្ធសកលសម្រាប់ការទូទាត់ហិរញ្ញវត្ថុ។ ក្រុមមនុស្សមួយចំនួននិយាយថា ខណៈដែលប្រទេសជាសមាជិកសំខាន់ៗរបស់សហភាពអឺរ៉ុប បានធ្វើតាមគោលការណ៍ដើម្បីឆ្លើយតប នឹងបញ្ហានេះ ប្រទេសមួយចំនួនបានបង្ហាញក្ដីបារម្ភជាមួយសហរដ្ឋអាមេរិក អំពីការការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ខ្លួន។ បណ្ដាប្រទេសនៅអឺរ៉ុបក៏ព្រួយបារម្ភផងដែរថា រុស្ស៊ីនឹងសងសឹក ឬកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នដ៏ធំដល់ទ្វីបនេះ ដែលកំពុងជួបប្រទះនូវការផ្គត់ផ្គង់ថាមពលក្នុងតម្លៃខ្ពស់កប់ពពករួចទៅហើយនោះ៕
អត្ថបទ៖ សុខមាន