នៅថ្ងៃពុធ (ទី២៣ ខែកក្កដា) នេះ យោងតាមឯកសារផ្លូវការ បានបង្ហាញថា ប្រទេសអ៊ីតាលី និងអាល់ហ្សេរី បានព្រមព្រៀងធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងគ្រប់គ្រងជនអន្តោប្រវេសន៍ ក្នុងអំឡុងពេលមានកិច្ចប្រជុំអន្តររដ្ឋាភិបាល នៅទីក្រុងរ៉ូម ខណៈដែលក្រុមហ៊ុនមកពីប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យនានា ក្នុងនោះរួមទាំងថាមពល និងទូរគមនាគមន៍ផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានជួបជាមួយប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune នៅវីឡា Doria Pamphili ដែលត្រូវបានសាងសង់តាំងពីសតវត្សរ៍ទី១៧ បន្ទាប់ពីមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល់ហ្សេរីរបស់រដ្ឋមន្ត្រីការបរទេស លោក Antonio Tajani កាលពីខែមីនា។
អ៊ីតាលីបានបញ្ជាក់ថា ប្រទេសអាល់ហ្សេរី គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ទីក្រុងរ៉ូម នៅទ្វីបអាហ្រ្វិក ដោយមានពាណិជ្ជកម្មជាមួយគ្នាតម្លៃជិត ១៤ពាន់លានអឺរ៉ូ (១៦,៤ពាន់លានដុល្លារ) ខណៈដែលការវិនិយោគរបស់ទីក្រុងរ៉ូមនៅទីនោះ មានចំនួន ៨,៥ពាន់លានដុល្លារ។
យោងតាមឯកសារដែលសារព័ត៌មាន Reuters បានមើលឃើញ បានឲ្យដឹងថា អនុស្សរណៈមួយ នឹងត្រូវបានចុះហត្ថលេខា រវាងអ៊ីតាលី និងអាល់ហ្សេរី ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការផ្តល់ហិរញ្ញប្បទាន។ តែយ៉ាងណាក្ដី ឯកសារនេះមិនបានបញ្ជាក់ថា តើការគំរាមកំហែងមួយណាដែលប្រទេសទាំង២ ត្រូវបានផ្តោតលើនោះឡើយ៕