កម្មករបានផ្អាកការងារខាងក្រៅ ហើយភ្ញៀវទេសចរស្វែងរកម្លប់ ស្របពេលដែលរលកកម្តៅទី ៣ប្រចាំរដូវក្តៅ ធ្វើឲ្យសីតុណ្ហភាពឡើងខ្ពស់នៅទូទាំងតំបន់បាល់កង់ ។
បាល់កង់ដែលល្បីល្បាញថាជាតំបន់ឆ្នេរមានពន្លឺព្រះអាទិត្យ និងមានតម្លៃសមរម្យ ហើយនិងទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំនោះ តែងតែមានរដូវក្តៅស្ងួត និងក្តៅខ្លាំង ។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បម្រែបម្រួលអាកាសធាតុ បាននាំឲ្យកើតមានរលកកម្តៅធ្ងន់ធ្ងរកាន់តែខ្លាំង និងមានរយៈពេលយូរជាងមុន ក៏ដូចជាទឹកជំនន់បំផ្លិចបំផ្លាញ និងភ្លើងឆេះព្រៃ ។
សូម្បីតែភ្ញៀវទេសចរអូស្រ្តាលី ក៏មានអារម្មណ៍ថាក្តៅខ្លាំងដែរ ដោយពួកគេរកកន្លែងមានម្លប់ កាត់បន្ថយសកម្មភាពខាងក្តៅ ។
លោក Ted និងមិត្តស្រី Lara របស់គាត់ ដែលជាភ្ញៀវទេសចរមកពីប្រទេសអូស្រ្តាលី និយាយថា នៅពេលព្រឹក ពេលអាកាសធាតុត្រជាក់ ពួកយើងនាំគ្នាជិះទោចចក្រយាន ប៉ុន្តែពួកយើងត្រូវប្រាកដខ្លួនឯងថា ពួកយើងនៅក្រោមម្លប់អំឡុងពេលជិះ ហើយពេលរសៀល ពេលដែលអាកាសធាតុក្តៅខ្លាំង ពួកយើងចាប់ផ្តើមត្រឡប់ទៅផ្ទះវិញ ។
កម្មករដែលធ្វើការខាងក្រៅ បានកំណត់ម៉ោងការងាររបស់ពួកគេផងដែរ ហើយនិងទទួលទានទឹកច្រើន ។
លោក Goce Pavlovski គឺជាបុរាណវិទូនៅតំបន់ស្រាវជ្រាវរបស់ម៉ាសេដូនីខាងជើង និយាយថា វាពិបាកធ្វើការខ្លាំងណាស់ មិនត្រឹមតែដោយសារធូលីច្រើនប៉ុណ្ណោះទេ ប៉ុន្តែដោយសារសីតុណ្ហភាពខ្ពស់ផងដែរ ដែលបានកើនឡើងរហូតដល់ ៤០អង្សាសេ ដូចជាថ្ងៃនេះជាដើម ។
លោកបន្តថា ជាការពិតណាស់ថា ពួកយើងនឹងមិនធ្វើការ ពេលដែលសីតុណ្ហភាពកើនឡើងដល់លើស ៣០អង្សាសេនោះឡើយ ដូច្នេះហើយពួកយើងចាប់ផ្តើមការងារនៅម៉ោង ៥ព្រឹក រួចបញ្ចប់ទៅវិញនៅម៉ោង ១១ព្រឹក ។
កាលពីខែមុន តំបន់ជាច្រើននៅអឺរ៉ុបខាងលិច បានជួបរលកកម្តៅធ្ងន់ធ្ងរមួយទៀត ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងបង្កឲ្យកើតមានភ្លើងឆេះព្រៃ និងការប្រកាសអាសន្នសុខភាពនៅទូទាំងតំបន់ ៕