ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានអះអាងថា គ្រាប់មីនដែលទាហានថៃជាន់បណ្តាលឲ្យដាច់ជើងកាលពីកន្លងទៅថ្មីៗនៅតំបន់មុំបីនោះគឺជាមីនចាស់ ហើយប្រសិនបើមីនថ្មីដូចការចោទប្រកាន់របស់ថៃនោះ មិនត្រឹមតែដាច់ជើងប៉ុណ្ណោះទេ វាអាចឈានដល់ស្លាប់ ហើយមួយវិញទៀតករណីផ្ទុះនេះនៅក្នុងចម្ការមីនលេខ BS/CMAA/16808 ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារផងដែរ។
តាមរយៈបណ្តាញសង្គមហ្វេសបុក នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បានយល់ស្របទៅតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហការប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ស្តីពី«ការបដិសេដការចោទប្រកាន់ថាកម្ពុជាប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស» និងបានបញ្ជាក់ច្បាស់ថា ករណីទាហានសៀមជាន់គ្រាប់មីនកប់ក្នុងដី គឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា។
ឯកឧត្តម ហេង រតនា បានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតថា បើផ្អែកលើស្ថានភាពជាក់ស្តែងឃើញ ថាករណីផ្ទុះនេះស្ថិតក្នុងចម្ការមីនលេខ BS/CMAA/16808 ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចម្ការមីននេះមិនទាន់បានបោសសម្អាតនៅឡើយទេ។ ឯកឧត្តមបានបន្ថែមទៀតថា បើពិនិត្យស្ថានភាពនៃទាហានសៀមរងរបួសដាច់«កជើង»ម្ខាងនោះ អាចបញ្ជាក់ថា ការផ្ទុះអាចបង្កឡើងដោយប្រភេទគ្រាប់មីនដែលមានបរិមាណជាតិផ្ទុះទាប ដូចជាប្រភេទមីន72A ឬ72B ឬ M14 ឬ MN79 ឬក៏MD82B ជាដើម ដែលជាគ្រាប់មីនចាស់សំណល់សង្គ្រាម និងមានកម្រិតជាតិផ្ទុះប្រមាណត្រឹមតែជាង៣០ក្រាមប៉ុណ្ណោះ។
បើតាមអគ្គនាយកស៊ីម៉ាក់រូបនេះ បានបញ្ជាក់បន្ថែមទៀតថា« ប្រសិនបើទាហានសៀមនោះ ជាន់ផ្ទុះប្រភេទគ្រាប់មីនPMN-2 និងស្របតាមការចោទប្រកាន់ថាជាគ្រាប់មីនPMN-2ថ្មីផងនោះ ទាហានរូបនេះអាចដាច់ជើងទាំង២ ឬក៏រងរបួសធ្ងន់ធ្ងរ ឬក៏ស្លាប់តែម្តង ព្រោះថាក្នុងគ្រាប់មីនPMN-2 មួយគ្រាប់មានបរិមាណជាតិផ្ទុះចំនួនរហូតដល់១១៥ក្រាម។ ការសន្និដ្ឋាននេះដោយផ្អែកលើភាពជាក់ស្តែងនៃជនរងគ្រោះដោយសារការផ្ទុះគ្រាប់មីន PMN-2 ជាច្រើនករណីកន្លងមកនៅកម្ពុជា»។
តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ផងដែរថា ចម្ការមីនរាប់រយគីឡូម៉ែត្រស្ថិតនៅតាមបណ្តោយព្រំដែនខ្មែរ-សៀម ក្នុងបូរណភាពទឹកដីកម្ពុជាមិនទាន់ធ្វើការបោសសម្អាតគ្រាប់មីនទាំងនោះនៅឡើយទេ ដោយសារកម្ពុជាបន្តខិតខំអនុវត្តការបោសសម្អាតមីនតាមការកំណត់អាទិភាពបម្រើសុខសុវត្ថិភាពប្រជាពលរដ្ឋ និងការគាំទ្រសេដ្ឋកិច្ចសង្គមរបស់ខ្លួន៕
អត្ថបទបាន ចក់





