រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ លោក Ibrahim Yumakli បាននិយាយកាលពីថ្ងៃពុធថា ក្រុមអ្នកពន្លត់អគ្គិភ័យ១០នាក់បានស្លាប់ និង១៤ នាក់បានរងរបួស ខណៈពួកគេព្យាយាមដើម្បីទប់ស្កាត់ចំហេះព្រៃនៅក្នុងខេត្ត Eskisehir ប្រទេសទួរគីភាគកណ្តាល។ ក្រុមអ្នកពន្លត់អគ្គិភ័យ និងក្រុមអ្នកជួយសង្គ្រោះ បាននិងកំពុងប្រយុទ្ធទប់ស្កាត់ចំហេះព្រៃនៅក្នុងស្រុក Seyitgazi នៃខេត្ត Eskisehir ចាប់តាំងពីថ្ងៃអង្គារ ទី២២ ខែកក្កដា។

លោក Yumakli បានប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃពុធអ្នកពន្លត់អគ្គិភ័យចំនួន២៤នាក់បានជាប់ខ្លួននៅក្នុងចំហេះព្រៃ នៅពេលដែលខ្យល់បក់ខ្លាំងភ្លាមៗបានផ្លាស់ប្តូរទិសដៅ ហើយអណ្តាតភ្លើងបានឆាបឆេះទៅរកពួកគេ។ លោករដ្ឋមន្ត្រី បាននិយាយបន្ថែមថា ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗប៉ុន្តែ១០នាក់ក្នុងចំណោមក្រុមអ្នកពន្លត់អគ្គិភ័យបានស្លាប់ខណៈ១៤នាក់ផ្សេងទៀតកំពុងព្យាបាល។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yilmaz Tunc បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា រដ្ឋអាជ្ញា បានបើកការស៊ើបអង្កេតផ្លូវច្បាប់លើឧបទ្ទវហេតុនេះ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Yumakli បាននិយាយផងដែរថា ចំហេះព្រៃចំនួន៧កន្លែងនៅតែកំពុងឆាបឆេះនៅក្នុងខេត្តចំនួន៥នៅភាគកណ្តាល និងភាគខាងលិចប្រទេសទួរគី។