រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងដោះដូរអ្នកទោសក្នុងអំឡុងពេលកិច្ចចរចាដោយផ្ទាល់លើកទីបីរបស់ភាគីទាំងពីរនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីកាលពីថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែហាក់ដូចជាមានវឌ្ឍនភាពតិចតួចលើលក្ខខណ្ឌបទឈប់បាញ់ឬកិច្ចប្រជុំកំពូលដែលអាចធ្វើទៅបានរវាងប្រធានាធិបតីប្រទេសទាំងពីរ ដោយកិច្ចប្រជុំរបស់ពួកគេបានបញ្ចប់បន្ទាប់ពីចរចាគ្នាតិចជាងមួយម៉ោង។

កិច្ចប្រជុំនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃ ១៥កក្កដា បានផ្តល់ពេលវេលាដល់ទីក្រុងមូស្គូរយៈពេល៥០ថ្ងៃដើម្បីបង្កើតសន្តិភាព ពុំនោះនឹងប្រឈមការដំឡើងពន្ធធ្ងន់ធ្ងរ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានទទួលស្គាល់ជាសាធារណៈនូវឱសានវាទរបស់លោក Trump ទេ ហើយទីក្រុងមូស្គូបានបន្តវាយលុកទីក្រុងនានារបស់អ៊ុយក្រែនដោយយានដ្រូននិងមីស៊ីល ខណៈកងទ័ពជើងគោករបស់ខ្លួន កំពុងឆ្ពោះទៅទិសខាងកើត។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃពុធ អតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov ដែលដឹកនាំគណៈប្រតិភូទីក្រុង Kyiv បាននិយាយថា លោកបានស្នើឱ្យមានកិច្ចប្រជុំកំពូលនៅចុងខែសីហា រវាងលោក Volodymyr Zelensky និងលោក Putin ហើយបានស្នើថា វត្តមានចូលរួមរបស់ប្រធានាធិបតី Trump និងប្រធានាធិបតីទួរគី Recep Tayyip Erdogan នឹងមានតម្លៃបំផុត ។
ទោះយ៉ាងណាក៏ដោយ ប្រតិភូរុស្ស៊ីលោក Vladimir Medinsky ដែលជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងបច្ចុប្បន្នជាជំនួយការជាន់ខ្ពស់លោក Putin បាននិយាយថា កិច្ចប្រជុំមេដឹកនាំកំពូលបែបនេះនឹងកើតមានក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងតែប៉ុណ្ណោះ។ ភាគីទាំងពីរក៏នៅតែមានការខ្វែងគំនិតលើលក្ខខណ្ឌនៃបទឈប់បាញ់ដែលអាចកើតមាន ដោយលោក Umerov បាននិយាយថា អ៊ុយក្រែនកំពុងស្វែងរកបទឈប់បាញ់ពេញលេញ និងគ្មានលក្ខខណ្ឌជាមូលដ្ឋានចាំបាច់សម្រាប់ការទូតប្រកបដោយប្រសិទ្ធភាព ខណៈរុស្ស៊ីបានអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេលខ្លីពី២៤ ទៅ៤៨ ម៉ោងនៅសមរភូមិជួរមុខ ដើម្បីអនុញ្ញាតឱ្យក្រុមគ្រូពេទ្យអាចប្រមូលទាហានដែលស្លាប់ និងរបួស៕