ក្រុមសេដ្ឋវិទូបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសជប៉ុន ជាមួយនឹងសហរដ្ឋអាមេរិក អាចដើរតួជាចំណុចគោលសម្រាប់កិច្ចព្រមព្រៀងផ្សេងទៀតជាច្រើន ដែលកំពុងបន្តចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ហើយសេដ្ឋកិច្ចពិភពលោក បានគាំទ្រយ៉ាងខ្លាំងត្រឹមអត្រាពន្ធនាំចូល ១៥% បែបនេះ ដែលបានព្រមព្រៀងគ្នារវាងអាមេរិក និងជប៉ុន ខណៈតួលេខកម្រិតនេះអាចបញ្ចៀសស្ថានការណ៍អាក្រក់បំផុតសម្រាប់សេដ្ឋកិច្ចសកល។

កិច្ចព្រមព្រៀងរបស់ទីក្រុងតូក្យូ ជាមួយអាមេរិក បានកាត់បន្ថយពន្ធលើការនាំចូលរថយន្តមកត្រឹម ១៥% ពីពន្ធសរុបចំនួន ២៧,៥% ពីមុន ហើយពន្ធកាតព្វកិច្ចដែលនឹងត្រូវចូលជាធរមានលើទំនិញជប៉ុនផ្សេងទៀតចាប់ពីថ្ងៃទី០១ សីហា ខាងមុខក៏នឹងត្រូវកាត់បន្ថយមកត្រឹម ១៥% ពីអត្រា ២៥% ពីមុនផងដែរ។

កិច្ចព្រមព្រៀងជាមួយប្រទេសមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោកនេះ ដែលរួមមានការប្តេជ្ញាចិត្តសម្រាប់ការវិនិយោគ និងឥណទានជាមួយអាមេរិក គឺជាកិច្ចព្រមព្រៀងមួយដ៏សំខាន់បំផុតដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្រេចរហូតមកដល់បច្ចុប្បន្ន។ ចំណុចនេះបានបង្កើនសម្ពាធលើសហភាពអឺរ៉ុប និងចិន ដែលក៏ត្រូវប្រឈមនឹងពេលកំណត់ដ៏សំខាន់នៅខែសីហា។

សេដ្ឋវិទូមួយចំនួនលើកឡើងថា ទោះបីជាអត្រា ១៥% នេះនៅតែជាពន្ធដ៏ធំក៏ដោយ ក៏កម្រិតបែបនេះនៅតែអាចគ្រប់គ្រងបាន និងបង្កការខូចខាតតិចជាងពន្ធសកលដ៏ខ្ពស់ និងប្រែប្រួលមិនច្បាស់លាស់ដំបូង ដែលស្ទើរតែធ្វើឱ្យក្រុមហ៊ុនទូទាំងពិភពលោកមិនអាចរៀបចំផែនការវិនិយោគទៅមុខបាន។ ទីផ្សារហិរញ្ញវត្ថុសកលក៏បានធូរចិត្តផងដែរបន្ទាប់ពីកិច្ចព្រមព្រៀងរវាងសេដ្ឋកិច្ចធំទី១ និងទី៤ របស់ពិភពលោកនេះ ដោយមើលឃើញសន្ទស្សន៍ភាគហ៊ុនធំៗហក់ឡើងយ៉ាងល្អប្រសើរ៕