ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនសម្រាប់សង្គ្រាមណាមួយដែលអ៊ីស្រាអែលអាចនឹងធ្វើប្រឆាំងខ្លួន ដោយបន្ថែមថាលោកពុំមានសុទិដ្ឋិនិយមចំពោះបទឈប់បាញ់រវាងប្រទេសនេះទេ ខណៈបញ្ជាក់ថាទីក្រុងតេអេរ៉ង់ ប្តេជ្ញាបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនសម្រាប់គោលបំណងសន្តិភាព។
លោក Pezeshkian បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Al Jazeera ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ជាលើកដំបូងរបស់លោកចាប់តាំងពីការបញ្ចប់ជម្លោះរយៈពេល ១២ ថ្ងៃជាមួយអ៊ីស្រាអែលកាលពីខែមុន ដែលសហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍ជំនួសអ៊ីស្រាអែល ដោយបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ការអត្ថាធិប្បាយនេះកើតឡើងស្របពេលប្រទេសលោកខាងលិចនិយាយថាពួកគេកំពុងស្វែងរកដំណោះស្រាយចំពោះមហិច្ឆតានុយក្លេអ៊ែរដែលកំពុងបន្តរបស់អ៊ីរ៉ង់បន្ទាប់ពីមានជម្លោះ ខណៈមានរបាយការណ៍ថាការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់ខ្លួនមានការខូចខាតតិចជាងការអះអាងដោយទីក្រុងវ៉ាស៊ីនតោន។

លោក Pezeshkian បានប្រាប់សារព័ត៌មាន Al Jazeera ថា យើងបានត្រៀមយ៉ាងពេញលេញសម្រាប់សកម្មភាពយោធាថ្មីណាមួយរបស់អ៊ីស្រាអែល ហើយកងកម្លាំងប្រដាប់អាវុធរបស់យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការវាយលុកយ៉ាងជ្រៅនៅក្នុងទឹកដីអ៊ីស្រាអែលម្តងទៀត ។
លោកបាននិយាយថា អ៊ីរ៉ង់មិនពឹងផ្អែកលើបទឈប់បាញ់ដែលបញ្ចប់សង្រ្គាមរយៈពេល ១២ ថ្ងៃដែលកំពុងស្ថិតនៅជាធរមាននោះទេ៕