សៀមរាប ៖ មន្រ្តីជំនាញដោះមីនកម្ពុជាចំនួន៣នាក់បានស្លាប់បាត់បង់ជីវីតភ្លាម និងម្នាក់ទៀតរងរបួសដោយសារតែផ្ទុះមីនតោន ខណៈពលរដ្ឋម្នាក់ទៀតបានស្លាប់ដោយសារតែបំផ្ទុះគ្រាប់រំសេវ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា។
តាមរយៈផេកហ្វេសបុកផ្ទាល់ ឯកឧត្តម ហេង រតនា បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។ អង្គការCSHD ដែលគេស្គាល់ថា ជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។
ប្រភពបានបន្តថា ករណីគ្រោះថ្នាក់នេះគឺបានកើតឡើងនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅថ្ងៃដដែលនេះដែរ ឯកឧត្តមហេង រតនា ក៏បានឲ្យដឹងផងដែរថា នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះ តែប្រមាណ២០នាទីប៉ុណ្ណោះ នៅភូមិនេះ ក៏មានករណីផ្ទុះគ្រាប់ដុតសំអាតដីដាំដំឡូងស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ។
តាមរយៈផេកហ្វេសបុកនេះដែរ ឯកឧត្តម ហេង រតនា ក៏បានចូលរួមមរណ:ទុក្ខជាមួយគ្រួសារសព និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីខានឡើយផងដែរ៕ អត្ថបទ ៖ ចក់



