ក្រុមមន្ត្រីមកពីភាគីជម្លោះទាំងពីរបាននិយាយថា អ៊ុយក្រែន និងរុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូនដាក់គ្នាទៅមក នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (២៤ កក្កដា) នេះ ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយបញ្ចប់នៃកិច្ចចរចាសន្តិភាពដោយផ្ទាល់ជុំចុងក្រោយបង្អស់ ក្នុងគោលបំណងស្វះស្វែងរកដំណោះស្រាយក្នុងសង្គ្រាមជិត ៣ឆ្នាំកន្លះមកនេះ។

យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារតំបន់សមុទ្រខ្មៅភាគខាងត្បូងរបស់រុស្ស៊ី ដោយបង្កការស្លាប់ និងរបួសមួយចំនួន ហើយក៏បានវាយត្រូវឃ្លាំងស្តុកប្រេង។ ចំណែកកងកម្លាំងរុស្ស៊ីវិញបានធ្វើការវាយប្រហារចុងក្រោយបង្អស់លើកំពង់ផែសមុទ្រខ្មៅ Odesa របស់អ៊ុយក្រែន ដោយបានបង្កឱ្យមានអគ្គិភ័យជាច្រើនកន្លែងលើតំបន់លំនៅដ្ឋាន និងអគារផ្សេងៗទៀត។
ក្រុមមន្ត្រីសង្គ្រោះបន្ទាន់ក្នុងតំបន់ Krasnodar របស់រុស្ស៊ី នៃសមុទ្រខ្មៅ បាននិយាយក្នុងកម្មវិធីផ្ញើសារតេលេក្រាមថា កម្ទេចកម្ទីពីយានដ្រូនបានបង្កការស្លាប់ និងរបួសនៅក្នុងស្រុក Adler ក្បែរទីក្រុងរមណីយដ្ឋាន Sochi។ ប្រធានរដ្ឋបាលនៃស្រុកសហព័ន្ធ Sirius នេះនិយាយថា ការវាយប្រហារដ្រូនបានបង្អាក់ជើងហោះហើរ ហើយក៏បានវាយប្រហារមូលដ្ឋានប្រេង ប៉ុន្តែមិនលម្អិតបន្ថែមនោះទេ។
ការវាយប្រហារតបតគ្នាឥតឈប់ឈរនេះបានកើតឡើងបន្ទាប់ពីក្រុមអ្នកចរចាមកពីភាគីជម្លោះទាំងពីរ បានពិភាក្សាគ្នាពីការដោះដូរឈ្លើយសឹកបន្ថែមទៀតនៅក្នុងសម័យប្រជុំសង្ខេបខ្លីនៃកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ប៉ុន្តែភាគីទាំងពីរនៅតែឆ្ងាយពីគ្នាលើលក្ខខណ្ឌបទឈប់បាញ់ និងលទ្ធភាពនៃកិច្ចប្រជុំរវាងមេដឹកនាំរបស់ពួកគេ៕

