សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២៣ កក្កដា) បានប្រកាសការយល់ព្រមរបស់ខ្លួនលើការលក់សព្វាវុធទំហំ ៣២២លានដុល្លារអាមេរិក ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាស និងរថពាសដែកប្រយុទ្ធរបស់អ៊ុយក្រែន។ សេចក្ដីប្រកាសនេះធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានផ្អាកជាបណ្តោះអាសន្ននូវការដឹកជញ្ជូនអាវុធមួយចំនួនទៅកាន់អ៊ុយក្រែន កាលពីដើមខែនេះ បើទោះបីជាទីក្រុងគីវ ប្រឈមមុខនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូនដ៏ខ្លាំងក្លារបស់រុស្ស៊ីក៏ដោយ។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បាននិយាយថា ការលក់ដែលអាចកើតមាននៃគ្រឿងយុទ្ធោបករណ៍ការពារដែនអាកាស Hawk និងការថែទាំ នឹងត្រូវចំណាយរហូតដល់ ១៧២លានដុល្លារអាមេរិក ខណៈយុទ្ធោបករណ៍ និងសេវារបស់យានប្រយុទ្ធថ្មើរជើង Bradley នឹងមានចំនួនសរុបរហូតដល់ ១៥០លានដុល្លារអាមេរិក។
DSCA បន្តថា ការលក់យុទ្ធោបករណ៍ Hawk ដែលត្រូវស្នើឡើងនេះ "នឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ដោយបំពាក់គ្រឿងការពារខ្លួនបន្ថែមទៀត និងបេសកកម្មសន្តិសុខក្នុងតំបន់ ជាមួយនឹងសមត្ថភាពការពារដែនអាកាសដ៏រឹងមាំជាងមុន"។
ការអនុម័តលក់គ្រឿងយោធាចុងក្រោយបំផុតទៅឱ្យអ៊ុយក្រែននេះ កើតឡើងបន្ទាប់ពីការប្រកាសមួយទៀតនៅដើមខែឧសភា ដែលមានតម្លៃ ៣១០,៥លានដុល្លារអាមេរិកសម្រាប់ការហ្វឹកហ្វឺន និងថែទាំយន្តហោះចម្បាំង F-16។
គួរឱ្យដឹងថា ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Joe Biden ទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាផ្តល់ជំនួយយោធាជាង ៦៥ពាន់លានដុល្លារដល់អ៊ុយក្រែន ប៉ុន្តែលោកប្រធានាធិបតី Donald Trump ដែលសង្ស័យជាយូរមកលើជំនួយអ៊ុយក្រែន មិនធ្វើតាមបែបនោះទេ ដោយប្រកាសថា ពុំមានកញ្ចប់ជំនួយយោធាថ្មីសម្រាប់ទីក្រុងគីវឡើយ ចាប់តាំងពីលោកត្រលប់ទៅកាន់តំណែងវិញក្នុងខែមករា៕

