ប្រជាជនប៉ាឡេស្ទីន កំពុងប្រឈមហានិភ័យកាន់តែខ្លាំងឡើងជុំវិញវិបត្តិប្រព័ន្ធសុខាភិបាលក្នុងពេលសង្រ្គាមកើនឡើងមិនឈប់ ដោយកាលពីថ្ងៃអង្គារ (២២ កក្កដា) ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់តំបន់ហ្កាហ្សា បានប្រកាសថា មនុស្សរាប់សិបនាក់រួមទាំងកុមារ បានបន្តស្លាប់ដោយសារតែកង្វះអាហារូបត្ថម្ភនៅដែនដីប៉ាឡេស្ទីននេះ ក្នុងរយៈពេល ៤៨ម៉ោងកន្លងទៅ។

ការស្លាប់ដែលមិនគួរកើតឡើងនេះកើតមានស្របពេលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ព្រមានថា ខ្សែជីវិតមនុស្សធម៌ដែលនៅសេសសល់របស់ហ្កាហ្សា កំពុងដួលរលំយ៉ាងឆាប់ក្រោមទម្ងន់នៃការវាយលុកយោធារបស់អ៊ីស្រាអែល។ អង្គការសុខភាពពិភពលោក WHO រាយការណ៍ថា ប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្កាហ្សាភាគកណ្តាល ត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការវាយលុកជើងគោករបស់អ៊ីស្រាអែល និងការខូចខាតសម្ភារៈបរិក្ខារផ្សេងទៀត។
ក្រសួងសុខាភិបាលហ្កាហ្សា ព្រមានថា មន្ទីរពេទ្យនៅទូទាំងតំបន់ហ្កាហ្សា អាចនឹងឈប់ដំណើរការក្នុងរយៈពេលត្រឹមតែ ៤៨ម៉ោង ខណៈក្រុមមន្ត្រីចោទអ៊ីស្រាអែលថារារាំងការដឹកជញ្ជូនប្រេងសម្រាប់ការប្រើប្រាស់វេជ្ជសាស្រ្ត។ អ៊ីស្រាអែល បដិសេធរាល់ការចោទប្រកាន់ដែលថាខ្លួនកំពុងរាំងខ្ទប់ជំនួយមិនឱ្យទៅដល់ហ្កាហ្សា ហើយចោទដាក់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ថាបានលួចស្បៀងអាហារ នៅក្នុងអ្វីដែលក្រុមនេះតែងបដិសេធ។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Al-Shifa ដែលជាមណ្ឌលសុខភាពធំជាងគេនៅហ្កាហ្សាស្ទ្រីប បានឱ្យដឹងថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំនួនអ្នកជំងឺដែលស្វះស្វែងរកការថែទាំសុខភាពព្រោះតែភាពអត់ឃ្លានធ្ងន់ធ្ងរ បាននឹងកំពុងកើនឡើងយ៉ាងគំហុក ជាពិសេសក្នុងចំណោមកុមារតូចៗ ហើយការស្លាប់ដែលពាក់ព័ន្ធនឹងភាពអត់ឃ្លានបែបនេះក៏កំពុងកើនឡើងយ៉ាងអាក្រក់ផងដែរ៕

