អង្គការសហប្រជាជាតិ និងអ៊ីស្រាអែល កាលពីថ្ងៃពុធ (២៣ កក្កដា) បានប៉ះទង្គិចពាក្យសម្ដី ដោយចោទប្រកាន់ស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះភាពអត់ឃ្លានដែលកំពុងកើនឡើង និងវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សាស្ទ្រីប ខណៈរបាយការណ៍បន្ទាន់ និងការរិះគន់ពីអន្តរជាតិនៅតែបន្តកើតមាន ជុំវិញស្ថានភាពធ្ងន់ធ្ងរដែលប្រជាជនប៉ាឡេស្ទីនកំពុងជួបប្រទះ។

អ៊ីស្រាអែល បាននិយាយថា ផ្ទុយពីរបាយការណ៍ដែលថាប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សាកំពុងប្រឈមអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរនិងភាពអត់ឃ្លាន អ៊ីស្រាអែលបានអនុញ្ញាតឱ្យមានជំនួយកាន់តែច្រើនលើសពីភាពគ្រប់គ្រាន់ទៅទៀតចូលក្នុងដែនដីនេះ ហើយថា អង្គការសហប្រជាជាតិទេគឺជាអ្នកទទួលខុសត្រូវចំពោះកង្វះការចែកចាយ ដោយសារតែទីភ្នាក់ងាររបស់ខ្លួនមិនទៅយកជំនួយ ដែលកំពុងប្រមូលផ្ដុំនៅផ្នែកខាងព្រំដែនហ្កាហ្សា។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរអ៊ីស្រាអែលមិនផ្តល់ការយល់ព្រមជាចាំបាច់ទាល់តែសោះសម្រាប់បុគ្គលិកអង្គការសហប្រជាជាតិ ឱ្យចូលទៅកាន់ទីតាំងព្រំដែននោះ ជាហេតុដែលមិនអាចទៅដល់ជំនួយ និងចែកចាយបាន។
អង្គការសហប្រជាជាតិទទួលស្គាល់ថាក្បួនរថយន្តរបស់ខ្លួនត្រូវលួចប្លន់ដោយពលរដ្ឋហ្កាហ្សា ប៉ុន្តែអះអាងថា មានតែការបង្កើនលំហូរជំនួយទៅក្នុង និងទូទាំងដែនដីនេះប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាលួចប្លន់នេះបាន។ លើសពីនេះ អង្គការសហប្រជាជាតិក៏ច្រានចោលនូវការសហការជាមួយមូលនិធិជំនួយហ្កាហ្សា GHF ដែលគាំទ្រដោយអាមេរិក និងអ៊ីស្រាអែល ដោយនិយាយរិះគន់ថា GHF មិនស័ក្ដិសមនឹងធ្វើការជាមួយទេព្រោះអង្គការនេះមិនបានគោរពតាមគោលការណ៍មនុស្សធម៌នោះឡើយ៕

