ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២៤ កក្កដា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យយោធាពង្រឹងសមត្ថភាពប្រយុទ្ធកាន់តែខ្លាំងក្លាបន្ថែមទៀត តាមរយៈការហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់ ដោយសង្កត់ធ្ងន់លើសមត្ថភាព "ទប់ទល់នឹងសង្រ្គាមភ្លាមៗគ្រប់ពេលវេលា និងបំផ្លាញសត្រូវក្នុងគ្រប់សមរភូមិ"។

លោក Kim បានលើកឡើងបែបនេះ ខណៈពេលលោកត្រួតពិនិត្យមើលសមយុទ្ធបាញ់កាំភ្លើងធំនៃអង្គភាពយោធារបស់កងទ័ពប្រជាជនកូរ៉េ (KPA) កាលពីថ្ងៃពុធ អមដោយមន្ត្រីជាន់ខ្ពស់មកពីគណបក្សកាន់អំណាច និងមន្ត្រីការពារជាតិ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។
KCNA និយាយថា ក្នុងអំឡុងពេលនៃការហ្វឹកហ្វឺនក្នុងបំណងពង្រឹងសមត្ថភាពបាញ់កាំភ្លើងធំនោះ អង្គភាពដែលចូលរួមត្រូវបានបញ្ជាឱ្យវាយលុកគោលដៅដែនសមុទ្រ ដែលកំណត់រួចរាល់នៅទីតាំងមួយតាមពេលកំណត់។ KCNA បន្តថា លោក Kim បានសម្តែងការពេញចិត្តជាខ្លាំងបន្ទាប់ពីសមយុទ្ធនេះ ហើយអំពាវនាវឱ្យអភិវឌ្ឍបន្ថែមទៀតនូវយុទ្ធសាស្ត្រកាំភ្លើងធំរបស់យោធា "ស្របតាមបរិយាកាសដ៏អាក្រក់ និងស្រួចស្រាវនៃសមរភូមិសម័យទំនើបដែលផ្លាស់ប្តូររៀងរាល់ថ្ងៃ"។
មេដឹកនាំកូរ៉េខាងជើងរូបនេះក៏ត្រូវបាន KCNA ដកស្រង់សម្តីផងដែរ ដោយលោកបាននិយាយថា យោធាគួរតែបង្កើនការហ្វឹកហ្វឺនដែលពឹងផ្អែកខ្លាំងបន្ថែមទៀតទៅលើ "សង្រ្គាមពិតប្រាកដ" ហើយបានសង្កត់ធ្ងន់ថា ការរារាំងសង្រ្គាមដ៏មានឥទ្ធិពលបំផុតគឺ "ចក្ខុវិស័យច្បាស់លាស់លើសត្រូវ"៕

