ប្រទេសចិន បាននិយាយកាលពីថ្ងៃពុធ (២៣ កក្កដា) ថាខ្លួននឹងស្វះស្វែងរកការ "ពង្រឹងកិច្ចសហប្រតិបត្តិការ" ជាមួយសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មដ៏សំខាន់នាសប្តាហ៍ក្រោយនេះនៅក្នុងទីក្រុងស្តុកខុម ប្រទេសស៊ុយអែត។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានបង្កើនពន្ធលើការនាំចេញរបស់គ្នាទៅវិញទៅមកកាលពីដើមឆ្នាំនេះ - ឈានដល់កម្រិត ៣ខ្ទង់ - បង្កការជាប់គាំងពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ប៉ុន្តែក្រោយមកក៏ធ្វើកិច្ចព្រមព្រៀងបន្ទាបពន្ធវិញដើម្បីសម្រាលភាពតានតឹង។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា លោកនឹងជួបជាមួយសមភាគីចិននៅទីក្រុងស្តុកខុម នៅដើមសប្តាហ៍ក្រោយសម្រាប់កិច្ចពិភាក្សាពន្ធ។ លោក Bessent បានប្រាប់ទូរទស្សន៍ Fox News ថា ការចរចាកម្រិតខ្ពស់ជុំទី៣នេះ នឹងមើលឃើញការបន្ថែមពេលបរិច្ឆេទផុតកំណត់ពាក់កណ្តាលខែសីហា ដែលបានផ្អាកពន្ធខ្ពស់ៗបណ្ដោះអាសន្នសម្រាប់ភាគីទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយកាលថ្ងៃពុធថា ទីក្រុងប៉េកាំងសង្ឃឹមថាភាគីទាំងពីរអាចធ្វើការជាមួយគ្នា "ផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅមក"។ លោកបន្ថែមថា "ចិននឹងបង្កើនការយល់ស្រប កាត់បន្ថយការយល់ច្រលំ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព សុខភាពល្អ និងនិរន្តរភាពនៃទំនាក់ទំនងចិន-អាមេរិក"៕


