អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា ការចរចារវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជុំវិញជម្លោះពាណិជ្ជកម្មដែលបានអូសបន្លាយពេលជាយូរ កំពុងមានវឌ្ឍនភាព។

ថ្លែងនៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃពុធមុនការទទួលទានអាហារពេលល្ងាចជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron លោកMerz បាននិយាយថា «យើងបានទទួលដំណឹងប៉ុន្មាននាទីចុងក្រោយនេះថាអាចមានការសម្រេចចិត្ត» ដោយនិយាយសំដៅទៅលើការចរចាដែលកំពុងបន្តក្នុងគោលបំណងបញ្ចៀសការដំឡើងពន្ធលើមុខទំនិញរបស់សហភាពអឺរ៉ុប។

សហរដ្ឋអាមេរិក បានគំរាមដំឡើងពន្ធ៣០ភាគរយលើការនាំចេញរបស់សហភាពអឺរ៉ុប ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់នៅត្រឹមថ្ងៃទី១ ខែសីហា។ ប៉ុន្តែក្តីសង្ឃឹមសម្រាប់ការទម្លាយភាពទាល់ច្រកបានកើនឡើងក្នុងសប្តាហ៍នេះ បន្ទាប់ពីមានរបាយការណ៍ថាភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងដែលនឹងកំណត់អត្រាដំឡើងពន្ធ១៥ភាគរយលើទំនិញរបស់សហភាពអឺរ៉ុប ជាការសម្របសម្រួលស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងនាពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។
លោក Macron បាននិយាយថា មេដឹកនាំអឺរ៉ុបនិងគណៈកម្មាការអឺរ៉ុប បាន «ទាក់ទងជាប់ជានិច្ច» ដើម្បីសម្របសម្រួលការឆ្លើយតបរបស់ខ្លួនចំពោះសម្ពាធរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយបន្ថែមថា «យើងចង់បានពន្ធទាបបំផុតដែលអាចធ្វើទៅបាន ប៉ុន្តែក៏ត្រូវបានគេគោរពក្នុងនាមជាដៃគូផងដែរ»។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានគាំទ្រសុទិដ្ឋិនិយម ដោយបានប្រាប់សារព័ត៌មាន Bloomberg ថា កិច្ចពិភាក្សា «ដំណើរការល្អជាងអ្វីដែលធ្លាប់មាន» ហើយវឌ្ឍនភាពកំពុងត្រូវបានធ្វើឡើង។