ប្រធានអង្គភាពសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាតិ Sweida របស់ប្រទេសស៊ីរី បាននិយាយកាលពីថ្ងៃពុធ ទី ២៣ ខែកក្កដា ថា មន្ទីរពេទ្យបានទទួលសាកសពមនុស្សជាង៥០០នាក់។ ប្រធានអង្គភាពលោក Hashem Azzam បាននិយាយនៅក្នុងវីដេអូទទួលបានដោយសារព័ត៌មាន Reuters ប៉ុន្មានថ្ងៃបន្ទាប់ពីបទឈប់បាញ់ដែលមានបំណងបញ្ចប់ការបង្ហូរឈាមនៅភាគខាងត្បូងប្រទេសស៊ីរី ត្រូវបានប្រកាស។

ការប៉ះទង្គិចគ្នាខាងនិកាយសាសនាបានផ្ទុះឡើងនៅទីក្រុង Sweida កាលពីដើមខែនេះរវាងក្រុមជនជាតិភាគតិច Druze និងក្រុមកុលសម្ព័ន្ធ Bedouin របស់ប្រទេសស៊ីរី។ ក្រោយមក ការប្រយុទ្ធគ្នាយ៉ាងខ្លាំង បានផ្ទុះឡើងរវាងកងជីវពល Druze និងកងកម្លាំងរដ្ឋាភិបាលដែលត្រូវបានបញ្ជូនទៅកាន់ទីក្រុងនោះ ដើម្បីបង្ក្រានភាពវឹកវរ។

ការប្រយុទ្ធគ្នានេះ បានបណ្តាលឱ្យមនុស្សជាង៣០០នាក់ស្លាប់ និងបានធ្វើឲ្យប្រទេសអ៊ីស្រាអែលដែលនៅជិតខាង ធ្វើការវាយប្រហារតាមអាកាសនៅភាគខាងត្បូងប្រទេសស៊ីរី និងលើក្រសួងការពារជាតិក្នុងទីក្រុងដាម៉ាស កាលពីសប្តាហ៍មុន។
អ៊ីស្រាអែល និយាយថា ខ្លួនកំពុងការពារជនជាតិភាគតិច Druze ជាអ្នកដែលបង្កើតជាជនជាតិភាគតិចដ៏សំខាន់នៅក្នុងប្រទេសអ៊ីស្រាអែល។ កាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា អ៊ីស្រាអែល និងស៊ីរី បានព្រមព្រៀងគ្នាលើបទឈប់បាញ់ ដែលគាំទ្រដោយប្រទេសទួរគី ហ្ស៊កដានី និងប្រទេសជិតខាងផ្សេងទៀត។