ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jinping បានព្រមានដល់ក្រុមមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប នាថ្ងៃព្រហស្បតិ៍ (២៤ កក្កដា) នេះឱ្យ "ធ្វើការជ្រើសរើសយុទ្ធសាស្រ្តឱ្យបានត្រឹមត្រូវ" នៅក្នុងអំឡុងកិច្ចប្រជុំកំពូលដ៏សំខាន់និងតានតឹងមួយនៅទីក្រុងប៉េកាំង ដែលកំណត់ថាគ្របដណ្ដប់ដោយបញ្ហាខ្ទាស់ជាច្រើន រាប់ចាប់ពីជម្លោះពាណិជ្ជកម្ម រហូតដល់សង្គ្រាមអ៊ុយក្រែន។

នៅមុនកិច្ចប្រជុំនេះ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុប បានហៅជំនួបនេះថាជាឱកាស "ឈានទៅមុខ និងធ្វើឱ្យទំនាក់ទំនងចិន-អឺរ៉ុប មានតុល្យភាពឡើងវិញ"។
ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា លោក Xi បានប្រាប់លោកស្រី Von der Leyen និងលោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុបថា "ស្ថានភាពអន្តរជាតិកាន់តែធ្ងន់ធ្ងរ និងស្មុគ្រស្មាញ ហើយចិន និងសហភាពអឺរ៉ុប ត្រូវតែពង្រឹងទំនាក់ទំនង បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ"។ លោក Xi បានសង្កត់ធ្ងន់ថា “មេដឹកនាំចិន និងអឺរ៉ុបគួរតែធ្វើការជ្រើសរើសយុទ្ធសាស្ត្រឱ្យបានត្រឹមត្រូវ ដែលបំពេញតាមការរំពឹងទុករបស់ប្រជាជន”។
បញ្ហាអតុល្យភាពពាណិជ្ជកម្ម លទ្ធភាពចូលទៅកាន់ទីផ្សារកាន់តែច្រើន និងរ៉ែកម្រគឺស្ថិតនៅក្នុងរបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំនេះ នៅពេលលោក Xi និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang ជួបជាមួយមន្រ្តីជាន់ខ្ពស់អឺរ៉ុប។ ក្ដីរំពឹងទុកមានកម្រិតទាបសម្រាប់ទៅហើយសម្រាប់ជំនួបកំពូលដែលរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូត បន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនសប្តាហ៍ និងការទាស់សម្ដីគ្នាជាច្រើន រវាងប្លុកអឺរ៉ុប និងទីក្រុងប៉េកាំង៕


