ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសហគមន៍អន្តរជាតិ និងសាធារណជនឲ្យបានជ្រាបថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនាមកលើទីតាំង ឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិរួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។
រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះរបស់ប្រទេសថៃ។ ការឈ្លានពានខាងយោធាដោយគ្មានមូលហេតុបែបនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះបទដ្ឋានក្នុងតំបន់ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិផងដែរ។
កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់ រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ដែលអាចធ្វើ ឲ្យស្ថានការណ៍កាន់តែតានតឹង។
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី។ យ៉ាងណាក៏ដោយកម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ក្នុងមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារអធិ បតេយ្យបូរណភាពទឹកដី និងសុវត្ថិភាពរបសលផលនេះខ្លួន៕

