
ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Airport Investment (CAIC) បានបន្តបោះផ្សាយលក់មូលបត្របំណុលជាលក្ខណៈបុគ្គលមានធានាក្នុងទំហំទឹកប្រាក់៣០លានដុល្លារអាមេរិក លក់អោយទៅធនាគារអេស៊ីលីដា ដែលពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងទិញលក់មូលបត្របំណុលនេះបានធ្វើឡើង ភាគីក្រុមហ៊ុនCAIC តំណាងដោយ លោក ឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង និងភាគីធនាគារអេស៊ីលីដា ភីអិលស៊ី តំណាងដោយ បណ្ឌិត អ៊ិន ចាន់នី ជាប្រធាននាយកប្រតិបត្តិ ក្រោមវត្តមានចូលរួមអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានប្រឹក្សាភិបាលOCIC។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនCAIC បានសរសេរនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះថា ការទិញលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់៣០លានដុល្លាអាមេរិច គឺក្រុមហ៊ុនCAICបានព្រមព្រៀងផ្តល់អត្រាការប្រាក់(Coupon rate) ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) 3ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ខណៈគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោនេះ បច្ចុប្បន្នសាង់សង់សម្រេចបាន ៣០% ដោយបានចំណាយអស់ទឹកប្រាក់សរុប ៣៩០ លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC។
សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល , ទីក្រុងកោះពេជ្រ , កោះនរា, ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។
ដោយឡែក CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ។
ចំពោះធនាគារអេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងជាធនាគារពាណិជ្ជទី១ ដែលបានចុះបញ្ជីលក់មូលបត្រក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រ សម្ព័ន្ធចំនួន ០៤ រួមមាន ធនាគារ អេស៊ីលីដា ឡាវ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងចំនួន១នៅប្រទេសមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា បានពង្រីកបណ្ដាញប្រតិបត្តិការចំនួន ២៦២សាខានៅទូទាំងប្រទេស និងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ មាន ៣៨សាខា និងមីយ៉ាន់ម៉ាមាន ១៧សាខា៕



