អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ការវាយប្រហារដោយយានដ្រូន និងការប្រយុទ្ធគ្នាដោយថ្មើរជើង បានបន្ត នៅក្នុងខេត្ត Sweida ភាគខាងត្បូងប្រទេសស៊ីរី និងតំបន់ជុំវិញ ទោះបីជាមានការប្រកាសបទឈប់បាញ់ក៏ដោយ ដោយចំនួនអ្នកផ្លាស់ទីលំនៅ បានកើនឡើងដល់ជាង ១៤៥.000នាក់ហើយ។

យោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) អំពើហិង្សា នៅចន្លោះថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកក្កដា រួមមានការវាយប្រហារដោយកាំភ្លើងត្បាល់ និងការឃ្លាំមើលពីលើអាកាស បានបង្កឲ្យជនស៊ីវិលរងរបួសបន្ថែមទៀត និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន។

ភាគច្រើននៃអ្នកផ្លាស់ទីលំនៅ នៅតែស្ថិតក្នុងខេត្ត Sweida ខណៈដែលអ្នកផ្សេងទៀត បានស្វែងរកសុវត្ថិភាព នៅក្នុងខេត្ត Daraa ដែលនៅជិតខាង និងខេត្តនៅជុំវិញទីក្រុងដាម៉ាស(Damascus)។ លទ្ធភាពទទួលបានសេវាកម្មមូលដ្ឋាន នៅតែត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ នៅទូទាំងខេត្ត Sweida ។ អង្គការសហប្រជាជាតិ បានរាយការណ៍អំពីការដាច់ចរន្តអគ្គិសនី ទឹក ប្រេងឥន្ធនៈ និងទូរគមនាគមន៍ ខណៈដែលអសន្តិសុខស្បៀងកាន់តែអាក្រក់ឡើងៗ ដោយសារការរំខានទីផ្សារ និងការបិទហាងនំប៉័ង។
អង្គការមនុស្សធម៌ បានចាប់ផ្តើមឆ្លើយតបទៅនឹងវិបត្តិនេះ ការផ្តល់សេវាថែទាំវេជ្ជសាស្រ្ត សេវាការពារ អាហារ ទឹកស្អាត និងរបស់របរមិនមែនម្ហូបអាហារដល់សហគមន៍ដែលរងផលប៉ះពាល់ ទោះបីជាមានការ រឹតត្បិតការចូលទៅដល់សហគមន៍ទាំងនោះ បន្តរារាំងកិច្ចខិតខំប្រឹងប្រែងក៏ដោយ។
ក្រុមចែកចាយជំនួយពីរក្រុមមកពីអង្គការអឌ្ឍចន្ទក្រហមស៊ីរី (SARC) បានទៅដល់ផ្នែកខ្លះនៃស្រុក Sweida និង Salkhad ដោយផ្តល់នូវអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត។