អតីតឯកអគ្គរដ្ឋទូតអង់គ្លេសជាង ៣០នាក់ និងអតីតមន្ត្រីការទូតជាន់ខ្ពស់ ២០នាក់ នៅអង្គការសហប្រជាជាតិ បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រី Keir Starmer ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ខណៈដែលកំហឹងអន្តរជាតិ កើនឡើងជុំវិញទិដ្ឋភាពដ៏សោកសៅ នៅតំបន់ហ្កាហ្សា។
អតីតមន្ត្រីការទូតទាំងនោះ បានតំណាងឲ្យចក្រភពអង់គ្លេស នៅអាហ្វហ្គានីស្ថាន បារ៉ែន អេហ្ស៊ីប អ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្ស៊កដានី គុយវ៉ែត ម៉ារ៉ុក ប៉ាគីស្ថាន កាតា ស៊ីរី និងទួរគី ព្រមទាំងអង្គការសហប្រជាជាតិផងដែរ។
សេចក្តីថ្លែងការណ៍របស់ពួកគេ បន្ថែមលើសម្ពាធកាន់តែខ្លាំងឡើងលើលោក Starmer ពីរដ្ឋមន្ត្រី និងឥស្សរជនជាន់ខ្ពស់ នៅក្នុងគណបក្សការងារដែលកំពុងកាន់អំណាច រួមទាំងអភិបាលក្រុងឡុងដ៍ លោក Sadiq Khan ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន។
ភាពអត់ឃ្លាន បានប៉ះពាល់ដល់ប្រជាជន ២ លាននាក់នៃតំបន់ហ្កាហ្សាស្ទ្រីប ចំពេលមានការវាយប្រហាររបស់អ៊ីស្រាអែល និងការរឹតបន្តឹងជំនួយ។ លោក Khan បាននិយាយកាលពីថ្ងៃពុធថា ស្ថានភាពនៅតំបន់ហ្កាហ្សាកាន់តែយ៉ាប់យ៉ឺនឡើង ហើយថា «គ្មានអ្វីសមហេតុផលចំពោះសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែលនោះទេ»។ លោកបានអះអាងថា៖«ពុំអាចមានដំណោះស្រាយរដ្ឋពីរទេ ប្រសិនបើគ្មានរដ្ឋមួយមានសមត្ថភាព ទទួលស្គាល់ប៉ាឡេស្ទីនទេ»។
អតីតអ្នកការទូតទាំងអស់ បានព្រមានថា៖«ហានិភ័យនៃភាពអសកម្ម មានផលប៉ះពាល់ជាប្រវត្តិសាស្ត្រ និងមហន្តរាយ» ហើយបានអំពាវនាវឲ្យលោក Starmer ចាប់យក «ពេលវេលា ដើម្បីទទួលស្គាល់ភាពជារដ្ឋប៉ាឡេស្ទីន ដោយគ្មានលក្ខខណ្ឌ។