អង្គការឃ្លាំមើលសិទ្ធិមនុស្សកាលពីថ្ងៃពុធ បានថ្កោលទោសក្រុមឧទ្ទាមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសយេម៉ែន ចំពោះការវាយប្រហារដ៏សាហាវ ដែលបានពន្លិចនាវាពាណិជ្ជកម្មចំនួន ពីរគ្រឿង ក្នុងខែនេះ ដោយហៅពួកវាថា ជាការរំលោភបំពានច្បាប់សង្គ្រាម។

ក្រុមហ៊ួទី បានវាយប្រហារលើនាវាដឹកទំនិញ Magic Seas និង Eternity C នៅក្នុងសមុទ្រក្រហម ដែលជាផ្នែកនៃយុទ្ធនាការប្រឆាំងនឹងចរាចរណ៍ផ្លូវសមុទ្រ ដែលពួកគេចោទប្រកាន់ថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដែលបានចាប់ផ្តើម បន្ទាប់ពីមានសង្រ្គាមហ្កាហ្សា។

មនុស្ស ១៥នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤នាក់ នៅតែបាត់ខ្លួន បន្ទាប់ពីការវាយប្រហារនៅថ្ងៃទី ០៧ ខែកក្កដា ទៅលើនាវាEternity C។
ក្រុមឧទ្ទាមយេម៉ែន បានអះអាងថា បាន«ជួយសង្គ្រោះ»នាវិកមួយចំនួន ដែលទីកន្លែងរបស់ពួកគេ
មិនទាន់បានដឹងនៅឡើយ។
អង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះ គឺជាការរំលោភលើច្បាប់សង្រ្គាម ដែលទាក់ទងនឹងឧក្រិដ្ឋកម្មសង្គ្រាម ដោយបន្ថែមថា ខ្លួនបានរកឃើញថា«ពុំមាន ភស្តុតាងណាមួយដែលថា នាវាទាំងនោះ គឺជាគោលដៅយោធាទេ»។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បាននិយាយថា៖«ពួកគេបានវាយប្រហារដោយចេតនាលើនាវាពាណិជ្ជកម្មដែលអាចត្រូវបានកំណត់អត្តសញ្ញាណយ៉ាងច្បាស់ថា ជានាវាស៊ីវិល» ដោយបន្ថែមថា «ការឃុំឃាំងសមាជិកនាវិកដែលត្រូវបានជួយសង្គ្រោះ ក៏ត្រូវបានហាមឃាត់ផងដែរ»។