កូរ៉េខាងត្បូង បានផ្អាកប្រតិបត្តិការចាក់ឧបករណ៍បំពងសំឡេងតាមរលកវិទ្យុឃោសនា ដែលមានអាយុកាលរាប់ទស្សវត្សរ៍ទៅកាន់កូរ៉េខាងជើង នៅក្នុងវិធានការចុងក្រោយបំផុតរបស់ខ្លួនដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងអ្នកជិតខាងទាំងពីរ ដែលជាជ័យជម្នះនិមិត្តរូបដ៏សំខាន់សម្រាប់ទីក្រុងព្យុងយ៉ាង ព្រោះថានេះជាការកាត់ផ្តាច់ប្រភពដ៏កម្រនៃព័ត៌មានដែលមិនបានត្រួតពិនិត្យសម្រាប់ពលរដ្ឋរបស់ខ្លួន។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ (២៣ កក្កដា) ថា ការចាក់ឧបករណ៍បំពងសំឡេងតាមវិទ្យុត្រូវបានផ្អាក "មួយរយៈក្នុងពេលឥឡូវនេះ" ដោយនិយាយថា វិធានការបែបនេះគឺប្រសើរជាងការមើលឃើញទំនាក់ទំនងអន្តរកូរ៉េកាន់តែយ៉ាប់យ៉ឺន។
សេចក្ដីថ្លែងការណ៍នេះបញ្ជាក់របាយការណ៍ថ្មីៗដោយកម្មវិធី 38 North នៅមជ្ឈមណ្ឌល Stimson ដែលនិយាយថា ស្ថានីយ៍វិទ្យុចំនួន៤ ដែលត្រូវគេជឿថាដំណើរការដោយសេវាចារកម្មសម្ងាត់ជាតិរបស់កូរ៉េខាងត្បូង បានស្ងប់ស្ងាត់កាលពីដើមខែកក្កដានេះ។ លោក Martyn Williams មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌល Stimson និយាយថា ការបញ្ឈប់នេះគឺសំខាន់គួរឱ្យកត់សម្គាល់ដោយសារតែកម្មវិធីមួយចំនួនដែលមានតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក មិនដែលផ្អាកទេតាំងតែពីចាប់ផ្ដើម ទោះបីជាទំនាក់ទំនងនយោបាយរវាងកូរ៉េទាំងពីរមានភាពកក់ក្តៅ ឬត្រជាក់ស្រេបក៏ដោយ"។
ចំណាត់ការបន្ធូរភាពតានតឹងនេះស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ដែលជាសញ្ញានៃការចាកចេញពីគោលនយោបាយប្រកាន់តឹងរបស់អតីតប្រធានាធិបតីអភិរក្សនិយមរបស់កូរ៉េខាងត្បូង៕