រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ទីក្រុង ប៊ុយដាប៉ែស (Budapest) មិនដែលផ្តល់អាវុធដល់អ៊ុយក្រែនទេ នឹងមិនធ្វើបែបនោះទេ ហើយខ្លួនមិនចង់ត្រូវបានអូសទាញចូលក្នុងជម្លោះនេះទេ។

លោកបាននិយាយថា៖«ហុងគ្រី គឺជាប្រទេសដែលមិនធ្លាប់ផ្តល់សព្វាវុធណាមួយឲ្យអ៊ុយក្រែនឡើយ ហើយយើងនឹងមិនប្រគល់អាវុធណាមួយឲ្យអ៊ុយក្រែន នាពេលអនាគតនោះទេ។ ដរាបណារដ្ឋាភិបាលនេះនៅកាន់តំណែង គោលដៅចម្បងរបស់យើង គឺរក្សាហុងគ្រីឲ្យចេញផុតពីសង្រ្គាមនេះ ដើម្បីទប់ស្កាត់ ប្រទេសនេះពីការអូសទាញចូលទៅក្នុងសង្រ្គាមនេះ»។
យោងតាមប្រមុខការទូតហុងគ្រីបានឲ្យដឹងថា ប្រទេសនេះ«នឹងមិនបែងចែកធនធានហិរញ្ញវត្ថុសម្រាប់ការផ្តល់សព្វាវុធណាមួយឡើយ» ទៅឲ្យទីក្រុងគីវ ហើយនឹងមិនចូលរួមក្នុងជំនួយរបស់អង្គការណាតូដល់អ៊ុយក្រែនឡើយ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី ១៤ ខែកក្កដាថា សហរដ្ឋអាមេរិកនឹងបន្តផ្គត់ផ្គង់សព្វាវុធ និងគ្រឿងយុទ្ធោបករណ៍ដល់អ៊ុយក្រែន ប្រសិនបើអឺរ៉ុបទទួលបន្ទុកលើការ ចំណាយ។ លោកបាននិយាយថា អង្គការណាតូ នឹងទទួលខុសត្រូវចំពោះការសម្របសម្រួលដំណើរការនេះ។
លោកប្រធានាធិបតីអាមេរិក ក៏បានព្រមានថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បរាជ័យក្នុងការសម្រេចបានដំណោះស្រាយ ក្នុងរយៈពេល ៥០ថ្ងៃ សហរដ្ឋអាមេរិក នឹងដាក់ពន្ធនាំចូលប្រមាណ ១០០% លើរុស្ស៊ី និងដៃគូពាណិជ្ជកម្មរបស់ខ្លួន។