ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) បានប្រកាសនឹងរៀបចំកម្មវិធីវេទិកាអ្នកគាំទ្រ ឆ្នាំ២០២៥ នាថ្ងៃទី៣០ ខែកក្កដាខាងមុខនេះ នៅរោងភាពយន្ដ លេជេន អូឡាំព្យា ស្របពេលលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។
ប្រភពពីក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានបញ្ជាក់ថា វេទិកាអ្នកគាំទ្រនេះ នឹងមានរៀបចំកម្មវិធីជាច្រើនរួមមាន៖ ការដើរបង្ហាញឯកសណ្ឋានប្រកួតផ្លូវការថ្មីរបស់ក្លិបទាំង១១, ការលេងហ្គេមកម្សាន្ដដើម្បីឈ្នះរង្វាន់, ការបង្ហាញអំពីផែនការយុទ្ធសាស្រ្ដរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ, កម្មវិធីសំណេះសំណាលអំពីឆន្ទះរបស់ក្លិបសម្រាប់រដូវកាលថ្មី ជាមួយថ្នាក់ដឹកនាំក្លិបទាំង១១ និងមានការចែកកាដូអាវដោយកីឡាករទៅអ្នកគាំទ្រផងដែរ។
ដោយឡែកពាក់ព័ន្ធនឹងចំនួនអ្នកគាំទ្រ ដែលត្រូវចូលរួមកម្មវិធីវេទិកាអ្នកគាំទ្រ ឆ្នាំ២០២៥ នេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងធ្វើការជាមួយបណ្ដាសមាគម/ក្លិបទាំង ១១ ដើម្បីកំណត់ចំនួនអ្នកចូលរួមជាក់ស្ដែងប្រមាណជាង ២០០នាក់។
គួរដឹងថា ការរៀបចំកម្មវិធីវេទិកាអ្នកគាំទ្រនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីផែនការបង្កើនឲ្យមានសិទ្ធស្នាល រវាងអ្នកគាំទ្រ និងក្លិប ក្នុងការប្រកួតជើងឯកខេមបូឌានព្រីមៀរលីគ ពិសេសសម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០២៥-២៦ ដែលនឹងចាប់ផ្តើមសប្ដាហ៍ទី១ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕