ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជំរុញទៅអាជ្ញាធរមូលដ្ឋាន និងក្រសួងសុខាភិបាល ឱ្យពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ខណៈដែលមេរោគកូវីដ-១៩ប្រភេទអូមីក្រុង កំពុងរីករាលដាលក្នុងសហគមន៍។
ក្នុងសារជាសំឡេងតាមតេឡេក្រាមនៅល្ងាចថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជាបានរកឃើញមនុស្ស ៣៤នាក់បន្ថែមទៀត បានឆ្លងមេរោគកូវីដ-១៩ប្រភេទអូមីក្រុង ក្នុងនោះ ២០នាក់ គឺជាករណីនាំចូលពីក្រៅប្រទេស ខណៈ ១៤នាក់ទៀត គឺជាករណីឆ្លងក្នុងសហគមន៍។
បើតាមសារជាសំឡេងដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៅក្រសួងសុខាភិបាលឱ្យត្រៀមវ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ និងប្រមូលផ្ដុំគ្រូពេទ្តទាំងអស់ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣នេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំទៅដល់អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស ឱ្យខិតខំប្រមូលប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញនេះ ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ផងដែរថា ការចាក់ដូសទី៣ ឬដូសជំរុញនេះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ទប់ស្កាត់ការរីកដាលនៃមេរោគកូវីដ-១៩ប្រភេទអូមីក្រុងនៅក្នុងសហគមន៍។
សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣បែបនេះ ដើម្បីទប់ស្កាត់កុំឱ្យវិលលត្រឡប់ទៅក្នុងការបិទខ្ទប់ប្រភេទឡើងវិញ៕