រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ចេញប្លង់មេថ្មីមួយ ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) កាលពីថ្ងៃពុធ (ទី២៣ ខែកក្កដា) ដែលមានគោលលបំណងបន្ធូរបន្ថយច្បាប់បរិស្ថាន និងពង្រីកការនាំចេញ AI ទៅកាន់ប្រទេសសម្ព័ន្ធមិត្ត ជាការប៉ុនប៉ង ដើម្បីបន្តរក្សាការមានប្រៀបរបស់សហរដ្ឋអាមេរិកលើប្រទេសចិន នៅក្នុងវិស័យបច្ចេកវិទ្យាដ៏សំខាន់នេះ។
លោក Trump បានកត់សម្គាល់ពីការបញ្ចេញនូវផែនការនេះ ជាមួយនឹងសុន្ទរកថាដែលលោកបានដាក់ចេញនូវការពន្យល់នៃការប្រណាំងអាវុធបច្ចេកវិទ្យាជាមួយប្រទេសចិន ដោយចាត់ទុកថា ជាការប្រយុទ្ធដែលនឹងកំណត់សតវត្សរ៍ទី២១។

មេដឹកនាំអាមេរិកបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិក គឺជាប្រទេសដែលចាប់ផ្តើមការប្រណាំងប្រជែង AI ហើយក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ខ្ញុំមកទីនេះ នៅថ្ងៃនេះ ដើម្បីប្រកាសថា អាមេរិកនឹងមានជ័យជម្នះ»។
ផែនការនេះ ដែលរួមមានអនុសាសន៍ចំនួន ៩០ អំពាវនាវឲ្យមានការនាំចេញកម្មវិធី AI និងសូហ្វវែរ (Software) របស់សហរដ្ឋអាមេរិកទៅក្រៅប្រទេស ក៏ដូចជាកែប្រែច្បាប់របស់រដ្ឋ ដែលត្រូវបានចាត់ទុកថា តឹងរ៉ឹងពេកមិនអាចឲ្យវិស័យនេះរីកចម្រើន ដែលជាការប្ដូរផ្លាស់ដ៏គួរឲ្យកត់សម្គាល់ពីវិធីសាស្រ្ត «ការពារដ៏តឹង» របស់អ្នកកាន់តំណែងមុន គឺលោក Joe Biden ដែលកម្រិតការចូលប្រើប្រាស់ជាសកល សម្រាប់បន្ទះឈីប AI ដែលមានតម្រូវការយ៉ាងខ្លាំង។
ការពង្រីកការនាំចេញផលិតផល AI ពាក់ព័ន្ធគ្រប់ប្រភេទ អាចផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនបន្ទះឈីប AI ដ៏មានឥទ្ធិពល គឺ Nvidia និង AMD ក៏ដូចជាគំរូ AI របស់ Google នៃក្រុមហ៊ុន Alphabet ក្រុមហ៊ុន Microsoft ក្រុមហ៊ុន OpenAI និងក្រុមហ៊ុន Meta ដែលជាម្ចាស់បណ្ដាញសង្គម Facebook៕
