ហ្វីលីពីនបានបិទសាលារៀន និងលុបចោលជើងហោះហើរ នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) នេះ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយព្យុះទីហ្វុង និងព្យុះត្រូពិកមួយផ្សេងទៀត បានកើតមាននៅកោះ Luzon ភាគខាងជើងរបស់ប្រទេស។

បើយោងតាមទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា ព្យុះទីហ្វុង Co-May ដែលបានវិវត្តពីព្យុះត្រូពិកពេញមួយយប់ កើតឡើងបន្ទាប់ពីមានភ្លៀងមូសុងជាច្រើនថ្ងៃ ដែលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់ និង ៨នាក់ផ្សេងទៀតបាត់ខ្លួន នៅទូទាំងប្រជុំកោះនេះ បានតាំងពីថ្ងៃទី១៨ ខែកក្កដា។
សេវាកម្មអាកាសធាតុរបស់ប្រទេសនេះ បានប្រាប់ថា ដោយមានកម្លាំងខ្យល់អតិបរមា ១២០គីឡូម៉ែត្រ ក្នុង ១ម៉ោង ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថា នឹងបក់បោកដល់ដីគោគ នៅតំបន់ឆ្នេរភាគខាងលិច ក្នុងខេត្ត La Union ឬ Ilocos Sur នាព្រឹកថ្ងៃទី២៥ ខែកក្កដា។
អាជ្ញាធរអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ជើងហោះហើរ ក្នុងស្រុក និងអន្តរជាតិប្រហែល ៧០វ៉ុល ត្រូវបានលុបចោលដោយសារតែព្យុះនេះ។ ហើយរដ្ឋាភិបាលបានប្រកាសបិទថ្នាក់រៀន នៅទូទាំងកោះ Luzon សម្រាប់ថ្ងៃទី២៤ ខែកក្កដា៕
