រដ្ឋាភិបាលអ៊ីរ៉ាក់កាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «ការឡោមព័ទ្ធដ៏ព្រៃផ្សៃ» ដែលកំពុងបន្តដាក់ដោយកងកម្លាំងអ៊ីស្រាអែលលើប្រជាជនហ្កាហ្សា ដោយអំពាវនាវឲ្យមានសកម្មភាពអន្តរជាតិជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់ លោក Basim al-Awadi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលនយោបាយអមនុស្សធម៌ និងជាប្រព័ន្ធនៃការបង្អត់អាហារដល់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងរងទុក្ខគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«ទិដ្ឋភាពដ៏គួរឲ្យសោកស្ដាយនៃកុមារដែលកំពុងស្រេកឃ្លានខ្លាង ឈរតម្រង់ជួរសម្រាប់អាហារមួយដុំ និងរូបភាពរបស់ស្ត្រី និងបុរសដែលប្រមូលផ្តុំគ្នាជុំវិញរថយន្តជំនួយ ដែលមានមួយចំនួន ឥឡូវនេះបានក្លាយជាអន្ទាក់មរណៈរបស់កងកម្លាំងដែលកំពុងកាន់កាប់ ឆ្លុះបញ្ចាំងពីការអនុវត្តដ៏គួរឲ្យរន្ធត់ និងអសីលធម៌»។
រដ្ឋាភិបាលអ៊ីរ៉ាក់ បានជំរុញឲ្យបញ្ចប់ជាបន្ទាន់នូវគោលនយោបាយបង្អត់អាហារប្រឆាំងនឹងប្រជាជន នៅតំបន់ហ្កាហ្សា ហើយបានអំពាវនាវឲ្យមានអន្តរាគមន៍អន្តរជាតិជាបន្ទាន់ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលឲ្យដកការឡោមព័ទ្ធ និងអនុញ្ញាតឲ្យការផ្គត់ផ្គង់ជំនួយទៅដល់អ្នកដែលត្រូវការជំនួយ។
អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្កាហ្សា បាននិយាយកាលពីថ្ងៃពុធថា ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនឡើងវិញ នៅក្នុងដែនដីនេះ នៅថ្ងៃទី ១៨ ខែមីនា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៨.៣៦៣នាក់ ត្រូវបានសម្លាប់ និង ៣១.00៤នាក់ផ្សេងទៀត បានរងរបួស ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ដល់ ៥៩.២១៩ នាក់ និងរបួសដល់ ១៤៣.០៤៥នាក់។
