កំពង់ចាម៖ រយៈពេល៥ឆ្នាំ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ២០១៧-២០២២ ក្រុមការងារចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចូលរួមជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
ក្នុងសន្និបាទគណៈកម្មាធិការបក្ស មូលដ្ឋានឃុំទងត្រឡាច កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច មានប្រសាសន៍ថា ដោយមើលឃើញពីតម្រូវការចាំបាច់ និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ ក្រុមការងារបានចូលរួមជាមួយអាជ្ញាធរ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួន មានផ្លូវចាក់បេតុងជាច្រើនខ្សែ ការដាក់ភ្លើងសូឡាតាមផ្លូវ សាងសង់អគារសិក្សា រួមនឹងចូលរួមកសាងសមិទ្ធផលជាច្រើនទៀត នៅតាមវត្តអារាម ក្នុងឃុំមួយនេះ ។
ឧកញ៉ា ឡូវ ហ៊ឹង បានបន្តថា សម្រាប់មូលដ្ឋានឃុំទងត្រឡាច់ ឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈលោកឧកញ៉ា និងលោកជំទាវ រួមទាំងក្រុមការងារ ក៏បានជួយសាងសង់ផ្ទះដល់កុមារកំព្រាចំនួន១ខ្នង និង៥ខ្នងទៀត ជូនដល់ជនពិការ ចាស់ជរា និងផ្តល់កង់ចំនួន ៣គ្រឿង ឧបត្ថម្ភការស្ថាបនាផ្លូវចំនួន ៤ខ្សែ ប្រគេនស៊ីម៉ងត៍ ១៥តោន ដល់ព្រះសង្ឃក្នុងវត្តទងត្រឡាច សម្រាប់ចាកសាប ដែលសរុបថវិកាទាំងអស់ប្រមាណ ៤០៥ ៥០០ដុល្លា ។
លោកឧកញ៉ា បន្ថែមថា កត្តាដែលធ្វើឲ្យក្រុមការងារចុះជួយ ឃុំទងត្រឡាច មានឱកាសចូលរួមអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាមួយរាជរដ្ឋាភិបាលនេះ គឺដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយក្រុងការងារ នឹងបន្តចូលរួមបន្ថែមទៀត ទៅតាមលទ្ធភាពជាក់ស្ដែង នៅក្នុងអាណត្តិក្រោយៗទៀត ។
បើតាមលោកឧកញ៉ា អែល សារ៉ុម ក្រុមការងារចុះជួយឃុំទងត្រឡាច បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន សម្ដេចតេជោ បាមជួយឧបត្ថម្ភការកសាងផ្លូវបេតុង ១ខ្សែ ប្រវែង៧ ៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច ផ្លូវនេះមានដាំបង្គោលភ្លើងបំភ្លឺ ដោយប្រព័ន្ធសូឡា សរុបចំនួនជាង ៦០០ដើម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ បានគ្រប់ពេល និងគ្រប់កន្លែងផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ


