រដ្ឋមន្ត្រីដឹកជញ្ជូនក្រិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសក្រិក នឹងដាក់ពង្រាយនាវាសង្គ្រោះ នៅក្នុងសមុទ្រក្រហម ដើម្បីជួយក្នុងឧបទ្ទវហេតុដែនសមុទ្រ និងការពារអ្នកធ្វើដំណើរតាមសមុទ្រ និងការដឹកជញ្ជូនទូទាំងពិភពលោក បន្ទាប់ពីការវាយប្រហារលើនាវាក្រិក ពីរគ្រឿង ដោយក្រុមសកម្មប្រយុទ្ធហ៊ួទី នៅប្រទេសយេម៉ែន ក្នុងខែនេះ។
នាវាដឹកទំនិញដែលមានទង់ជាតិលីបេរីយ៉ាពីរគ្រឿង ដែលប្រតិបត្តិការដោយក្រិកគឺ Magic Seas និង Eternity C បានលិចនៅសមុទ្ររបស់ប្រទេសយេម៉ែន បន្ទាប់ពីការវាយប្រហារម្តងហើយម្តងទៀតដោយក្រុមសកម្មប្រយុទ្ធដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់។

ការវាយប្រហារលើនាវាទាំងពីរគ្រឿងនេះ បានបង្ហាញពីការបន្តការវាយប្រហារលើការដឹកជញ្ជូនដោយក្រុម ហ៊ួទី ដែលបានវាយប្រហារលើនាវាជាង ១០០គ្រឿង នៅចន្លោះខែវិច្ឆិកា ឆ្នាំ ២០២៣ ដល់ខែធ្នូ ឆ្នាំ ២០២៤ ជាអ្វីដែលពួកគេបាននិយាយថា ជាការបង្ហាញពីសាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា។
រដ្ឋមន្ត្រីដឹកជញ្ជូនលោក Vassilis Kikilias បាននិយាយថា នាវាសង្គ្រោះដែលមានឈ្មោះថា Giant និង ផ្តល់ដោយសមាគមម្ចាស់នាវានាវាសណ្តោង Hellenic នឹង «គាំទ្រ ការពារ និងជួយដល់នាវារបស់ក្រិក និងអ្នកនេសាទក្រិក»។
