ក្រុមប្រឹក្សាពិសេស នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) បានធ្វើប្រតិបត្តិការរុករក និងរឹបអូស នៅឯគេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង។
ក្រុមដែលដឹកនាំដោយរដ្ឋអាជ្ញាពិសេស លោក Cho Eun-suk ដែលត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតផលវិបាកដោយសារច្បាប់អាជ្ញាសឹកថ្ងៃទី៣ ខែធ្នូ បានបញ្ជូនអ្នកស៊ើបអង្កេតទៅឆ្មក់ចូលគេហដ្ឋានរបស់លោក Han នៅតំបន់ Jongno-gu កណ្តាលទីក្រុងសេអ៊ូល នៅពេលព្រឹកនេះ។

លោក Han ត្រូវបានចោទប្រកាន់ពីបទចុះហត្ថលេខារបស់លោកបន្ថែមលើក្រឹត្យច្បាប់អាជ្ញាសឹក ដែលព្រាងដោយលេខាប្រធានាធិបតីនាពេលនោះ គឺលោក Kang Eui-gu បន្ទាប់ពីច្បាប់អាជ្ញាសឹកត្រូវបានប្រកាសរួចហើយ ដើម្បីបន្ថែមភាពស្របច្បាប់ដល់វិធានការរបស់លោកអតីតប្រធានាធិបតី។
ក្រុមប្រឹក្សាពិសេសនេះ បានអះអាងថា លោក Han បន្ទាប់មកបានបញ្ជាឲ្យបំផ្លាញឯកសារ ដែលត្រូវបានចោទប្រកាន់ថា បានព្រាងភ្លាមៗ បន្ទាប់ពីមាននូវការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Yoon។
លោក Han ត្រូវបានចោទប្រកាន់ថា បានបំផ្លាញឯកសារនោះ ដើម្បីជៀសវាង «ភាពចម្រូងចម្រាសបន្ថែម» ប្រសិនបើវាត្រូវបានគេរកឃើញថា ឯកសារនេះត្រូវបានព្រាងបន្ទាប់ពីការប្រកាសនោះ។ អតីតនាយករដ្ឋមន្ត្រីរូបនេះ ក៏ត្រូវបានចោទប្រកាន់ផងដែរ ពីបទនិយាយកុហក ក្នុងអំឡុងពេលលោកផ្ដល់សក្ខីកម្មទៅកាន់តុលាការធម្មនុញ្ញ និងរដ្ឋសភា អំពីអ្វីដែលលោកបានដឹងពីមុន អំពីក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក Yoon៕
