ប្រទេសឥណ្ឌានឹងចាប់ផ្តើមចេញទិដ្ឋាការទេសចរណ៍ដល់ពលរដ្ឋចិនឡើងវិញ ចាប់ពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) នេះ ដែលជាលើកដំបូង ក្នុងរយៈពេល ៥ឆ្នាំ ដោយនេះជាការបង្ហាញនូវការផ្សះផ្សាដ៏សំខាន់ រវាងប្រទេសដ៏ធំជាងគេបំផុតទាំង២ នៅអាស៊ី បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា នៅតាមព្រំដែន។
យោងតាមសេចក្ដីជូនដំណឹងផ្លូវការដែលត្រូវបានចែករំលែកតាមប្រព័ន្ធអ៊ីនធឺណិត ដោយស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសចិន បានបង្ហាញឲ្យឃើញថា បេក្ខជនត្រូវបំពេញទម្រង់បែបបទតាមប្រព័ន្ធអ៊ីនធឺណិតសិន មុនពេលធ្វើការណាត់ជួបដោយផ្ទាល់ ដើម្បីដាក់ឯកសារចាំបាច់ នៅស្ថានទូត ក្នុងទីក្រុងប៉េកាំង ឬស្ថានកុងស៊ុល នៅទីក្រុងសៀងហៃ និង Guangzhou។
ការប្រកាសនេះកើតឡើងបន្ទាប់ពីចិនចាប់ផ្ដើមផ្ដល់ទិដ្ឋាការឡើងវិញជាបណ្តើរៗដល់ប្រជាជនឥណ្ឌា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងនោះរួមទាំងទិដ្ឋាការទេសចរណ៍ នៅខែមីនាឆ្នាំនេះផងដែរ។
សេចក្ដីរាយការណ៍ខ្លះ បានឲ្យដឹងថា ស្ថានទូត និងស្ថានកុងស៊ុលចិន បានចេញទិដ្ឋាការចំនួន ៨៥.០០០ ចាប់ពីខែមករា ដល់ថ្ងៃទី៩ ខែមេសា តែមិនបានបង្ហាញពីប្រភេទទិដ្ឋាការនោះឡើយ។ ទីក្រុងប៉េកាំងបានស្វាគមន៍ ចំពោះចំណាត់ការ «ដ៏វិជ្ជមាន» របស់ឥណ្ឌានេះ៕