លោក Judge Yuji Iwasawa គឺជាប្រធានតុលាការយុត្តិធម៌អន្តរជាតិដែលគេស្គាល់ថាជាតុលាការពិភពលោក និយាយថា តុលាការរបស់លោកយល់ឃើញថា សន្ធិសញ្ញាបម្រែបម្រួលអាកាសធាតុ ត្រូវកំណត់កាតព្វកិច្ចតឹងរ៉ឹងជាងមុនលើរដ្ឋ ដើម្បីធានាដល់ការការពារប្រព័ន្ធអាកាសធាតុ ។
លោក Iwasawa និយាយថា ការខកខានពុំបានអនុវត្តសន្ធិសញ្ញាអាកាសធាតុ គឺជាការបំពានច្បាប់អន្តរជាតិ ។
លោកបាននិយាយផងដែរថា ផែនការអាកាសធាតុរបស់ប្រទេស ត្រូវតែជាមហិច្ឆិតាខ្ពស់បំផុត និងរក្សាសមូហភាពនូវស្តង់ដា ដើម្បីឈានដល់គោលដៅកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ ។ វារួមបញ្ចូលផងដែរ ការកាត់បន្ថយការបំភាយផ្ទះកញ្ចក់ និងព្យាយាមរក្សាការឡើងកម្តៅផែនដីក្រោមកម្រិត ១,៥អង្សាសេ ។
លោក Ralph Regenvanu គឺជារដ្ឋមន្រ្តីបម្រែបម្រួលអាកាសធាតុប្រទេសកោះវ៉ានូអាទូ និយាយថា ទស្សនៈរបស់តុលាការ នឹងផ្លាស់ប្តូរការជជែកដេញដោលពីបម្រែបម្រួលអាកាសធាតុ ។
នៅក្រៅតុលាការពិភពលោកស្ថិតក្នុងទីក្រុងឡាអេ ក្រុមអ្នកគាំទ្រវិធានការអាកាសធាតុ នាំគ្នាកាន់បដាសរសេរថា “តុលាការបាននិយាយថា រដ្ឋាភិបាលត្រូវតែធ្វើឥឡូវនេះ” ។
ក្រុមអ្នកជំនាញនិយាយថា ទស្សនៈកាលពីថ្ងៃពុធ គឺជាជ័យជំនះមួយសម្រាប់បណ្តាប្រទេសកោះតូចៗ និងប្រទេសស្ថិតតាមតំបន់ទាបៗ ដែលបានស្នើសុំឲ្យតុលាការបញ្ជាក់ពីទំនួលខុសត្រូវរបស់រដ្ឋ ៕