ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់ និ ងបំផ្លិចបំផ្លាញទីតាំងជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក និងជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានចេញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា ការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាស គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយ កបាន ជាពិសេសមិនគោរពទៅតាមអនុសញ្ញអន្តរជាតិនានាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌ ក្នុងនោះមានដូចជា អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្ដីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ នៃជម្លោះប្រដាប់អាវុធ, ពិធីសារទីពីរឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការព ង្រឹងកិច្ចការពារ និងគណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌, អនុសញ្ញាអង្គការយូណេស្កូឆ្នាំ១៩៧២ ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកជាដើម។
សេចក្ដីថ្លែងការណ៍ដដែលសង្កត់ធ្ងន់ថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិទាំងនេះ ប្រទេសថៃមានកាតព្វកិច្ចគោរព ការពារ និងអភិរក្ស បេតិកភណ្ឌវប្បធម៌ ហើយត្រូវចៀសវាងការប្រើប្រាស់យោធា ការវាយប្រហារ ឬការបង្កគ្រោះថ្នាក់ដល់តម្លៃលេចធ្លោជាសកលរបស់បេតិកភណ្ឌ។ ការកំណត់គោលដៅវាយប្រហារដោយចេតនា ការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និងការរំលោភលើច្បាប់អន្តរជាតិ គឺជាឧ ក្រិដ្ឋកម្មសង្គ្រាម។ សកម្មភាពឈ្លានពានរបស់ថៃ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការមិនគោរពកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃផងដែរ។
ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌ និងសីលធម៌ ដែលគំរាមកំហែងដល់កា រខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ចំពោះសកម្ម ភាពបាញ់ផ្លោងមកលើតំបន់ប្រាសាទព្រះវិហារ និងតំបន់ការពារប្រាសាទនេះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងវាយតម្លៃលម្អិត ចងក្រងឯកសារពាក់ព័ន្ធ រួមទាំងការខូចខាតនានា ស្របតាមនីតិវិធីអន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ និងសំណងតាមផ្លូវច្បាប់អន្តរជាតិជាធរមាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការអន្តរជាតិ ដើម្បីអនុវត្តវិធានការការពារទាំងអស់ដែលមានចែងនៅក្នុងពិធីសារទីពីរនៃអនុសញ្ញាទីក្រុងឡាអេ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេក្នុងការការពារ និងអភិរក្ស បេតិកភណ្ឌវប្បធម៌ ទោះជាកំពុងស្ថិតក្នុងស្ថានភាពទទួលរងការឈ្លានពានប្រដាប់អាវុធពីប្រទេសជិតខាងក៏ដោយ៕ដោយ៖ គង់ ឌិន








