រដ្ឋាភិបាលកាណាដា និយាយថា ប្រតិបត្តិការយោធាអ៊ីស្រាអែលលើជនស៊ីវិល និងក្រុមកម្មករជំនួយនៅតំបន់ហ្កាហ្សា មិនអាចទទួលយកបាននោះទេ ហើយពួកគេសូមធ្វើការអំពាវនាវឲ្យចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការចែកចាយជំនួយដឹកនាំដោយអង្គការសហប្រជាជាតិ(UN)នៅដែនដីបិទច្រកមួយនេះ ។
ក្រសួងការបរទេសកាណាដា និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ប្រតិបត្តិការយោធាអ៊ីស្រាអែលលើបុគ្គលិកអង្គការសុខភាពពិភពលោក(WHO) ក្បួនរថយន្តដឹកជំនួយកម្មវិធីស្បៀងអាហារពិភពលោក និងការបន្តសម្លាប់ជនប៉ាឡេស្ទីនស្វែងរកជំនួយស្បៀងអាហារ និងទឹក គឺមិនអាចទទួលយកបាននោះទេ ។
ក្រសួងបន្តថា ភាពស្រេកឃ្លាននៅតំបន់ហ្កាហ្សា បានឈានដល់កម្រិតគ្រោះថ្នាក់ ហើយកាណាដា សូមធ្វើការអំពាវនាវឲ្យមានការចាប់ផ្តើមឡើងវិញបន្ទាន់ជំនួយដឹកនាំដោយ UN ។
ក្រសួងនិយាយទៀតថា ជនប៉ាឡេស្ទីនជាច្រើនដែលភាគច្រើនគឺជាកុមារ បានដាច់ពោះស្លាប់ដោយសារភាពអត់ឃ្លានក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ មនុស្សជាង ១ពាន់នាក់ ត្រូវបានសម្លាប់ អំឡុងពេលស្វែងរកជំនួយសង្រ្គោះជីវិត ៕