បាល់ទាត់៖ ក្លិបអេស្ប៉ាញ FC Barcelona ស្រាប់តែបញ្ជាក់ពីការបន្តកិច្ចសន្យាជាមួយកីឡាករខ្សែការពារបារាំង ដែលមិនសូវបានលេង Samuel Umtiti ដល់ឆ្នាំ២០២៦។ កីឡាករវ័យ ២៨ឆ្នាំរូបនេះក៏បានយល់ព្រមកាត់បន្ថយប្រាក់បៀតវត្សរ៍របស់ខ្លួនផងដែរ រាប់ពីកិច្ចសន្យាចាស់ដែលមានសុពលភាព ១ឆ្នាំកន្លះទៀតនេះ។

ការចរចាបន្តកិច្ចសន្យាជាមួយ Samuel Umtiti ឈានដល់ការកាត់ប្រាក់បៀវត្សរ៍នេះ គឺដើម្បីស្របតាមគោលការតុល្យភាពហិរញ្ញវត្ថុរបស់ La Liga ដើម្បីចុះបញ្ជីកីឡាករចំនូលថ្មី Ferran Torres ដែលទើបទិញពី Manchester City។ សូមរំលឹកថា Samuel Umtiti ធ្លាប់ត្រូវបានគេរំពឹងថាត្រូវផ្លាស់ចេញពី Barcelona កាលពី ៦ខែមុនតាមរយៈប្រាក់បៀវត្សរ៍ដ៏ខ្ពស់របស់គេស្របពេល Barcelona កំពុងមានវិបត្តិហិរញ្ញវត្ថុដោយសារ Covid-19 ក៏ដូចជាបញ្ហារបួសដែលធ្វើឱ្យពេលវេលាលើទីលានរបស់គេមានកំរិត។ Samuel Umitti ក៏ធ្លាប់រងការរិះគន់ពីអ្នកគាំទ្រ Barcelona ខ្លួនឯងដែរ៕
អត្ថបទ៖នាង សុភាវុធ