រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មអ៊ីតាលីលោក Adolfo Urso និយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុប(EU) ត្រូវការកិច្ចព្រមព្រៀងពន្ធប្រកបដោយនិរន្តរភាព និងយុត្តិធម៌ពិតប្រាកដជាមួយសហរដ្ឋអាមេរិក ហើយលោកបានកោតសរសើរចំពោះកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចរាល់ដោយអង់គ្លេស និងជប៉ុន ។
លោក Urso និយាយថា ពួកយើងបាននិយាយតាំងពីដំបូងមកម្ល៉េះថា ពួកយើងត្រូវការឈានដល់កិច្ចព្រមព្រៀងដែលយុត្តិធម៌ និងប្រកបដោយនិរន្តភាព សម្រាប់អ្នករាល់គ្នា ដូចជាអង់គ្លេស ហើយបន្ទាប់មកគឺជប៉ុនដែលសម្រេចបានកាលពីពេលថ្មីៗនេះ ។
នៅដើមខែកក្កដានេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមទារពន្ធ ៣០ភាគរយលើការនាំចូលរបស់ EU ប៉ុន្តែកិច្ចប្រជុំនៅបន្តលើកិច្ចព្រមព្រៀង មុនឱសានវាទថ្ងៃទី ១ ខែសីហាខាងមុខ ។
អង់គ្លេស បានចរចាពន្ធ ១០ភាគរយកាលពីខែឧសភា ខណៈជប៉ុនទទួលយកពន្ធ ១៥ភាគរយក្នុងសប្តាហ៍នេះ ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំងលោក Eric Lombard និយាយថា បារាំងចង់ឲ្យសហរដ្ឋអាមេរិក-EU បន្តចរចាគ្នា ប៉ុន្តែបើសិនជាពួកគេពុំទទួលបានលទ្ធផលក្នុងកិច្ចព្រមព្រៀងទេនោះ រដ្ឋសមាជិក EU នឹងសម្រេចចិត្តលើវិធីឆ្លើយតប ៕