អារ៉ាប៊ីសាអ៊ូឌីត និយាយថា ខ្លួននឹងវិនិយោគប្រហែល ៣ពាន់លានដុល្លារលើគម្រោងអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសស៊ីរី ដែលជាបរិក្ខារសេដ្ឋកិច្ចចុងក្រោយគេ ដើម្បីជួយប្រទេសក្នុងជំពូកថ្មី ក្រោយរងការខ្ទេចខ្ទាំដោយសារសង្រ្គាមស៊ីវិលរយៈពេលជិត ១៤ឆ្នាំ ។
អំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងដាម៉ាសនាថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីវិនិយោគអារ៉ាប៊ីសាអ៊ូឌីតលោក Khalid al-Falih និយាយថា ការវិនិយោគទុនទឹកប្រាក់ ២,៩ពាន់លានដុល្លារ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀតទ្រង់ទ្រាយធំតម្លៃ ៦,៤ពាន់លានដុល្លារ ។
អារ៉ាប៊ីសាអ៊ូឌីត បានក្លាយជាអ្នកគាំទ្រធំរបស់រដ្ឋាភិបាលថ្មីស៊ីរី ដែលរឹបអូសអំណាច ក្រោយក្រុមឧទ្ទាមផ្តួលរំលំរបបរបស់លោកប្រធានាធិបតី Bashar al-Assad កាលពីខែធ្នូ ឆ្នាំមុន ។
កាលពីថ្ងៃពុធម្សិលមិញ គណៈប្រតិភូរបស់ក្រុមវិនិយោគិន និងក្រុមអ្នកតំណាងមកពីវិស័យឯកជន និងវិស័យសាធារណៈប្រហែល ១៥០នាក់ ដឹកនាំដោយលោក al-Falih បានចូលរួមជំនួបនៅក្នុងរដ្ឋធានីដាម៉ាស មុនវេទិកាធុរកិច្ចនៅក្នុងទីក្រុងមួយនេះ ។
កាលពីថ្ងៃអង្គារ ក្រសួងវិនិយោគអារ៉ាប៊ីសាអ៊ូឌីត និយាយថា វេទិកាក្រុងដាម៉ាស មានគោលដៅស្វែងរកឱកាសសហប្រតិបត្តិការ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលជំរុញការអភិវឌ្ឍប្រកបដោយនិរន្តភាព និងបម្រើផលប្រយោជន៍របស់ប្រជាជនបងប្អូនទាំង ២ ៕